ថៃៈ ក្រុមអ្នកស្រាវជ្រាវ និងជួយសង្គ្រោះ កំពុងប្រតិបត្តិការយ៉ាងស្វិតស្វាញ ដើម្បីរុករកឲ្យឃើញនូវក្រុមក្មេងទាំង ១៣ នាក់ ដែលគេជឿថា ត្រូវបានជាប់នៅក្នុងបរិវេណរូងភ្នំ Tham Luang មុនពេលមានភ្លៀងធ្លាក់កាន់តែច្រើន ដែលនឹងមកដល់ក្នុងរយៈពេល ២ ថ្ងៃខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Bankok Post ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
អាកាសធាតុនៅទីនោះ ត្រូវបានគេរំពឹងទុកថា នឹងមានភ្លៀងធ្លាក់តិចតួច ក្នុងរយៈពេល ២ ថ្ងៃខាងមុខនាដើមសប្តាហ៍នេះ ដោយនាយកដ្ឋានឧតុនិយម បាននិយាយថា លក្ខខណ្ឌអាកាសធាតុសើម នឹងត្រលប់ទៅដូចដើមវិញនាថ្ងៃពុធនេះ។
ក្រុមអ្នកចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ សង្ឃឹមថា ដំណើររុករកនឹងរលូនល្អ ក្នុងករណីដែលលក្ខខណ្ឌអាកាសធាតុស្ងួត តែប្រសិនបើអាកាសធាតុត្រលប់ជាសើមដូចដើមនោះ វានឹងបង្អាក់ការស្វែងរក បើទោះបីជាមានម៉ាស៊ីនបូមទឹកចេញពីខ្សែទឹក ដែលលិច និងការខួងថ្មដើម្បីកាត់បន្ថយកម្រិតទឹក នៅក្នុងរូងភ្នំក៏ដោយ។
រហូតមកដល់ពេលនេះ មិនទាន់មានដំណឹងនៅទ្បើយទេ អំពីក្រុមកីឡាបាល់ទាត់វ័យក្មេង ១២ នាក់ និងជំនួយការគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលបានបាត់ខ្លួន ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនាកន្លងមក ខណៈដែលសកម្មភាពជួយសង្គ្រោះ នៅតែបន្តធ្វើទ្បើងឥតឈប់ឈរ៕
មតិយោបល់