ព័ត៌មានអន្តរជាតិ

ការជួយសង្គ្រោះក្មេងៗ ដែលជាប់នៅក្នុងរូងភ្នំថៃ នៅតែពុំទាន់អាចជម្លៀសពួកគេចេញទ្បើយ

ថៃៈ អាជ្ញាធរថៃបាននិយាយថា ក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលបានជាប់នៅក្នុងរូងភ្នំប្រទេសថៃ គឺនៅមិនទាន់អាចជួយសង្គ្រោះចេញមកខាងក្រៅបានទ្បើយ ខណៈដែលពួកគេនៅពុំទាន់ចេះមុជក្នុងទឹកនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

ខ្សែបន្ទាត់ផ្លូវអាកាសមួយ ត្រូវបានតំឡើងនៅឯរូងភ្នំ ដែលជាកន្លែងមនុស្សទាំង ១៣ នាក់ ត្រូវបានជាប់ឃាំងនៅទីនោះ អស់រយៈពេលជិតពីរសប្តាហ៍ នៅច្រកមួយក្នុងល្អាងភ្នំ Tham Luang ។

ដោយពួកគេបានចូលទៅក្នុងរូងភ្នំ ទាំងប្រថុយប្រថាន នៅអំទ្បុងពេលដែលទីនោះស្ងួត តែជាអកុសលពេលចូលទៅដល់ក្នុងនោះ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យជន់លិចក្នុងរូងភ្នំ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះក្មេងៗទាំងនោះ បានបណ្ដាលឲ្យអ្នកមុជទឹកម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីកងទ័ពជើងទឹកចូលនិវត្តន៍ថៃ បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវចេញពីរូងភ្នំ បន្ទាប់ពីគាត់បានស្ពាយបំពង់អុកស៊ីសែនយកទៅឲ្យអ្នកដែលជាប់នៅទីនោះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រ អភិបាលខេត្តឈៀងរ៉ៃ បាននិយាយថា ក្មេងៗដែលជាប់ក្នុងរូងភ្នំនៅពេលនេះ មានកម្លាំងគ្រប់គ្រាន់ សម្រាប់ការដើរហើយ ប៉ុន្តែមិនអាចហែលទឹក ដោយសុវត្ថិភាពនោះទេ អាស្រ័យហេតុដូចនេះ ការជួយជម្លៀសពួកគេមកខាងក្រៅ គឺនៅតែពុំទាន់អាចធ្វើបាននោះទេ៕

មតិយោបល់