អាមេរិកៈ មេបញ្ជាការជាន់ខ្ពស់អាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកិច្ចចរចា ដោយផ្ទាល់ជាមួយពួកតាលីង់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំ នៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ការលើកទ្បើងនេះ ចំពេលដែលមានការស្ទង់មើល អំពីកិច្ចចរចាសន្តិភាពថា អាចនឹងកើតមានទ្បើង បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយ៍ John Nicholson កាលពីថ្ងៃច័ន្ទ ជុំវិញការបង្កើនកិច្ចប្រឹងប្រែង ផ្នែកការទូតដើម្បីស្វែងរកការចរចារ ដែលមិនធ្លាប់មានពីមុនមក ក្រោយពួកសកម្មប្រយុទ្ធតាលីបង់ បានចូលរួមជាមួយនឹងកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានដោយគ្មានការប្រើប្រាស់អាវុធ នៅតាមដងផ្លូវនៃក្រុងកាប៊ុល ក៏ដូចជាទីក្រុងដទៃទៀត ក្នុងអំទ្បុងពេលបទឈប់បាញ់គ្នា ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែមុន។
លោក Nicholson ដែលជាអ្នកដឹកនាំអង្គការណាតូ គ្រាំទ្របេសកកម្មនេះ បាននិយាយថា អាមេរិក គឺមានតួនាទីយ៉ាងសំខាន់ សម្រាប់កិច្ចចរចានេះ។
ដោយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់បន្ថែមថា អាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយពួកតាលីបង់ រួមទាំងការពិភាក្សាអំពីតួនាទីរបស់កងកម្លាំងអន្តរជាតិផងដែរ។
ខណៈលោក Pompeo បានសង្ឃឹមថា ក្រុមតាលីបង់ នឹងយល់ពីបញ្ហានេះ ហើយពួកគេ ក៏នឹងជួយឲ្យមានដំណើរផ្លាស់ប្ដូរ នៃសន្តិភាពឆ្ពោះទៅមុខផងដែរ»៕

មតិយោបល់