ព័ត៌មានអន្តរជាតិ

ផ្ទុះរោងចក្រគីមីនៅចិន សម្លាប់មនុស្ស ១៩ នាក់ និងរបួស ១២នាក់

ចិនៈ រដ្ឋាភិបាលក្នុងតំបន់ បាននិយាយនៅថ្ងៃសុក្រនេះថា ករណីផ្ទុះមួយ នៅរោងចក្រគីមី ក្នុងខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន បានសម្លាប់មនុស្ស ១៩ នាក់ និងរងរបួស ១២ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរនៅតំបន់ Jiang’an បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា គេនៅមិនទាន់ច្បាស់ទេថា តើមានហេតុការណ៍អ្វី ដែលបណ្តាលឲ្យផ្ទុះ នៅឯរោងចក្រ Yibin Hengda Technology ក្នុងឧទ្យានឧស្សាហកម្មមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ទ្បើយ។

ដោយតាមរយៈរូបភាព នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រទេសចិន បានបង្ហាញពីភ្លើងឆេះដ៏សន្ធោសន្ធៅ ជាមួយនឹងផ្សែងហុយចេញពីរោងចក្រយ៉ាងខ្មួលខ្មាញ់។

សូមជំរាបថា ប្រទេសចិនកាលពីឆ្នាំ ២០១៥ កន្លងទៅ ធ្លាប់មានករណីផ្ទុះឃ្លាំងគីមីមួយ នៅទីក្រុងកំពង់ផែ Tianjin ដែលបានសម្លាប់មនុស្ស ១៦៥ នាក់ និងការផ្ទុះរោងចក្រគីមីឥន្ធនៈ កាលពីឆ្នាំមុននៅខេត្ត Shandong បានសម្លាប់មនុស្ស ៨នាក់ និងរបួស ៩ នាក់៕

មតិយោបល់