ព័ត៌មានអន្តរជាតិ

កម្អែចេញពីបន្ទុះភ្នំភ្លើងនៅរដ្ឋហាវ៉ៃ បណ្ដាលឲ្យអ្នកជិះលើទូក ២៣ នាក់រងរបួស

អាមេរិកៈ នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្ស ២៣ នាក់បានរងរបួស ដោយសារកម្អែ ដែលភាយចេញពីបន្ទុះភ្នំភ្លើង Kilauea ក្នុងរដ្ឋហាវ៉ៃ បានវាយប្រហារលើទូកមួយគ្រឿង ដែលដឹកមនុស្សទៅមើលកម្អែភ្នំភ្លើង បន្ទាប់ពីវាបានផ្ទុះ អស់រយៈពេលពីរខែកន្លងមក។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

មនុស្ស ១៣នាក់ក្នុងចំណោមពួកគេ ត្រូវការការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកផ្សេងទៀត ត្រូវបានទទួលការព្យាបាលនៅឯកំពង់ផែមួយ ក្នុងរដ្ឋហាវ៉ៃ។

នាយកដ្ឋានបានបន្ថែមថា ឧប្បត្តិហេតុ បានកើតទ្បើងនៅព្រឹកព្រលឹម ដោយកម្អែដែលខ្ទាតចេញពីភ្នំភ្លើង បានមកប៉ះលើដំបូលទូក បង្កឲ្យមានការខូចខាត និងរបួសដល់អ្នកដំណើរ។

សូមជំរាបថា កម្អែភ្នំភ្លើងដែលហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាទស្សនីយភាពដ៏អស្ចារ្យ បានបង្កើតជាអ័ព្ទដ៏គួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យអ្នកទេសចរណ៍ ចង់ទៅទស្សនាកម្សាន្តនៅទីនោះ៕

មតិយោបល់