ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងចិន ជំរុញឲ្យមានការពន្យារពេល ខណៈអាមេរិក ចង់ស្វែងរកការកាត់បន្ថយប្រេងទៅកាន់កូរ៉េខាងជើង

UN: ក្រុមអ្នកការទូត បាននិយាយថា រុស្ស៊ី និងចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមានការពន្យារពេល ចំពោះការស្នើសុំពីអាមេរិក ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ ទៅឲ្យប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៨។

រដ្ឋាភិបាលអាមេរិក បានស្វែងរកការគាបសង្កត់លើកូរ៉េខាងជើង ដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដោយបានស្នើសុំឲ្យគណ:កម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង កាលពីសប្តាហ៍មុន ដើម្បីហាមឃាត់ការដឹកជញ្ជូនឥន្ធន:បន្ថែមទៀត។

ដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីឆ្នាំមុន បានកំណត់ឲ្យប្រទេសកូរ៉េខាងជើង ផលិតប្រេងឆៅ ៤ លានធុង ក្នុងមួយឆ្នាំ និង ៥០០,០០០ ធុង សម្រាប់ប្រេងចម្រាញ់រួច។

ការកាត់បន្ថយប្រេង និងប្រេងឥន្ធន:នេះ នឹងត្រូវបានអនុវត្តជាចម្បង ដោយប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់តម្រូវការ ថាមពលរបស់កូរ៉េខាងជើងភាគច្រើនបំផុត ក៏ប៉ុន្តែតែបែរជារុស្ស៊ី បានផ្តល់ប្រេងមួយចំនួនដល់ក្រុងព្យុងយ៉ាងទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ រុស្ស៊ី និងចិន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ពួកគេត្រូវការពេលវេលាច្រើន ដើម្បីពិចារណាលើសំណើររបស់អាមេរិក ក៏ដូចជាការពិនិត្យមើលលើបទចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើងផងដែរ៕

មតិយោបល់