ហ្គាហ្សាៈ យោធាអ៊ីស្រាអែល បាននិយាយថា ស៊ីរ៉ែនការពារដែនអាកាស ដែលបានបន្លឺទ្បើង សម្រាប់ជាសញ្ញាព្រមាន នៅជិតតំបន់ព្រំដែនហ្គាហ្សាស្ទ្រីប នៅថ្ងៃពុធនេះ គឺជាកំហុសឆ្គងមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
ដោយយោធាអ៊ីស្រាអ៊ែល បានសរសេរនៅលើប្រព័ន្ធសង្គម Twitter ថា វាគឺជាការព្រមានក្លែងក្លាយប៉ុណ្ណោះ ដែលកើតទ្បើងដោយសារកំហុសឆ្គង។
ស៊ីរ៉ែននេះ ត្រូវបានកងកម្លាំងអ៊ីស្រាអែលប្រើ ដើម្បីបង្ហាញពីសញ្ញាព្រមាន ក្នុងករណីមានការវាយប្រហារគ្រាប់រ៉ុក្កែត ឬកាំភ្លើងត្បាល់ ពីសំណាក់ពួកសកម្មប្រយុទ្ធ នៅតំបន់ប៉ាឡេស្ទីន ដែលត្រួតត្រាដោយក្រុមហាម៉ាស។
ឧបទ្ទវហេតុនេះ កើតមានឡើងនៅពេលដែលក្រុមហាម៉ាស និងអ៊ីស្រាអែល បានពិចារណាលើមតិយោបល់ ដែលបានស្នើដោយអេហ្ស៊ីប និង UN ដើម្បីឲ្យភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់រយៈពេលជាងបីខែ ក្នុងការប្រឈមមុខគ្នា នៅតាមបណ្តោយព្រំដែនហ្គាហ្សា។
សូមជំរាបថា កាលពីថ្ងៃអង្គារ អ៊ីស្រាអែល បានបាញ់ផ្លោងទៅលើទីតាំងក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា ដោយសម្លាប់ខ្មាន់កាំភ្លើង ២នាក់។ ដោយអ៊ីស្រាអែល បាននិយាយថា ការបាញ់ប្រហារនេះ គឺស្ថិតនៅខាងក្រៅប៉ុស្តិ៍កងទ័ពរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រុមហាម៉ាស បានច្រានចោលការលើកទ្បើងនេះ ដោយនិយាយថា ខ្មាន់កាំភ្លើងពួកគេ ត្រូវបានបាញ់សម្លាប់ចេញពីប៉ុស្តិ៍ទាហានអ៊ីស្រាអែល៕
មតិយោបល់