ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាបន្តការនាំចេញប្រេង បើទោះបីមានការគំរាមកំហែងពីអាមេរិកក៏ដោយ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បានប្ដេជ្ញាថា នឹងប្រកាន់ជំហរដ៏រឹងមាំរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិក ជុំវិញការដឹកជញ្ជូនប្រេងកាត ក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។

ថ្លែងទៅកាន់អ្នកសារព័ត៌មានរដ្ឋ IRINN កាលពីថ្ងៃពុធលោក រ៉ូហានី បាននិយាយថា «ប្រសិនបើប្រជាជនអាមេរិក មាននបំណង់ចង់ប្រើប្រាស់នយោបាយបែបនេះ មកលើអ៊ីរ៉ង់នោះ គំនិតរបស់ពួកគេ នឹងមិនអាចទៅរួចបានទ្បើយ ព្រោះថា ពួកគេគួរតែដឹងពីផលវិបាករបស់ខ្លួនផងដែរ» ។

ក្នុងនោះលោកបានបន្ថែមថា អាមេរិក មិនអាចគិតយ៉ាងដូច្នោះថា អ៊ីរ៉ង់នឹងមិនអាចនាំចេញប្រេងទៅរួច ហើយបណ្ដាប្រទេសផ្សេងទៀត អាចនាំចេញទៅបាននោះទេ»។

ដោយទ្បែកលោក រ៉ូហានី មិនបានបញ្ជាក់ទេអំពីផលវិបាកអ្វី ដែលអាមេរិកនឹងត្រូវជួបប្រទះនោះ ប៉ុន្តែកន្លងមកមន្ត្រីអ៊ីរ៉ង់ បានធ្វើការគំរាមកំហែងបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ នៅមជ្ឈឹមបូព៌ា ដើម្បីសងសឹកចំពោះសកម្មភាព របស់អាមេរិកណាមួយ។

ប៉ុន្តែពាក់ព័ន្ធនឹងគំរាមកំហែងរបស់អ៊ីរ៉ង់នេះ រដ្ឋាភិបាលអាមេរិក ក៏បានធ្វើការច្រានចោលផងដែរ៕

មតិយោបល់