តួកគីៈ រដ្ឋាភិបាលក្រុងអាន់ការ៉ា បាននិយាយថា ខ្លួនមានឆន្ទៈដើម្បីចរចា ជាមួយអាមេរិក ក្នុងការដោះស្រាយជម្លោះ ដែលកំពុងកើតមានរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ ខណៈដែលសេតវិមាន បានបង្កើនសម្ពាធលើប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតបរទេសមួយក្រុម នៅក្នុងក្រុងអាន់ការ៉ា កាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu បានមានប្រសាសន៍ថា ថ្វីបើអ្វីៗទាំងអស់ ប្រទេសតួកគី បានត្រៀមខ្លួនរួចរាល់ក្នុងការ ឮនិយាយអំពីអ្វីគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហា ជាមួយអាមេរិកដោយបើកចំហក៏ពិតមែន ប៉ុន្តែវាត្រូវស្ថិតក្នុងលក្ខខណ្ឌតែមួយប៉ុណ្ណោះ គឺគ្មានការគំរាមកំហែង ហើយក៏គ្មានការបញ្ជាពីនរណាផងដែរ។
ក្នុងនោះលោក Cavusoglu ក៏បានអំពាវនាវឲ្យអាមេរិក យកចិត្តទុកដាក់ ចំពោះការខកបំណងរបស់ប្រទេសតួកគួ ទាក់ទងនឹងគោលនយោបាយ របស់អាមេរិកផងដែរ ។
សូមជំរាបថា សុន្ទរកថារបស់លោក បានកើតឡើងចំពេលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងដាក់ពន្ធគយលើដែក រួមទាំងអាលុយមីញ៉ូមរបស់តួកគី បន្ទាប់ពីមានជម្លោះរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងករណីឃុំខ្លួនគ្រូគង្វាលអាមេរិក លោក Andrew Brunson ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រភេរវកម្ម និងត្រូវបានទាមទារឲ្យមានការដោះលែងវិញ៕
មតិយោបល់