ព័ត៌មានជាតិ

ទើបចេញពីពេទ្យបើកថ្នាំបន្សាបគ្រឿងញៀន បានតែ៣ថ្ងៃ ចង.កសម្លាប់ខ្លួន

ភ្នំពេញៈ យុវជនញៀនថ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារ នាំទៅពិគ្រោះ យោបល់បន្សាបគ្រឿងញៀន ដើម្បីកែខ្លួនឡើងវិញ តែដោយអំណាចគ្រឿងញៀន បានធ្វើឲ្យយុវជនខាងលើ បញ្ចប់ជីវិតខ្លួនឯង ដោយចង.កសម្លាប់ខ្លួន។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ អឺ០១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

សពយុវជនខាងលើ ឈ្មោះ ពៅ វីរៈបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ កើតហេតុ ខាងលើ ជាមនុស្សញៀនថ្នាំ ព្យាបាលមិនទាន់បាត់។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា កាលពី៣ថ្ងៃមុនកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំជូនទៅបើកថ្នាំ ដើម្បីបន្សាបគ្រឿងញៀន ពេលដែលវិលមកវិញ ជនរងគ្រោះចេះតែត្អូញត្អែ ពោលប្រាប់ឪពុកម្តាយថា ខ្លួនគេចេះតែចង់ស្លាប់ ថាហើយថាទៀតដដែលៗ រហូតដល់យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសារចូលដេកសម្រាករៀងខ្លួន ជនរងគ្រោះ ដេកនៅបន្ទប់ខាងក្រោយ លុះរហូតដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី១៧ ខែសីហានេះ ម្តាយភ្ញាក់ពីដំណេក ទៅមើលបន្ទប់កូន មិនឃើញជនរងគ្រោះ ក៏ ឡើងទៅមើលលើបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញកូនប្រុស ចង.កសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនអស់ចិត្ត ក្រុមគ្រួសារ អ្នកជិតខាងផ្អើលនាំគ្នាជួយស្រាយទម្លាក់ បំណងជួយសង្រ្គោះ តែហួសពេលទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលជាក់ស្តែង ។

ក្រោយសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់