អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹងគំរាមដាក់ទណ្ឌកម្មប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅទីក្រុងឡាអេ ធ្វើការស៊ើបអង្កេតលើករណីចោទប្រកាន់ ពីទាហាន និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកក បានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពី ICC នាពេលថ្មីៗនេះ កំពុងពិចារណាលើការកាត់ទោសជនជាតិអាមេរិក អំពីការរំលោភបំពាន ដែលជាប់ឃុំឃាំងនៅប្រទេសអាហ្វហ្គានីស្ថាប។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton គ្រោងនឹងចេញសេចក្ដីថ្លែងនៅពីមុខអង្គការ Federalist Society នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញណីគោលជំហរដ៏រឹងមាំប្រឆាំងនឹងតុលាការ ICC។ ដោយក្នុងសេចក្ដីនោះ បានបញ្ជាក់ថា ICC គ្មានយុត្តាធិការលើជនជាតិអាមេរិក ឬក៏ប្រទេសណាដែលមិនបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ដែលបង្កើតតុលាការនេះឡើងទ្បើយ។
កាលពីឆ្នាំមុន រដ្ឋអាជ្ញាតុលាការ ICC លោក Fatou Bensouda បានស្នើឲ្យមានការផ្ដល់សិទ្ធិផ្នែកតុលាការ ដើម្បីធ្វើការស៊ើបអង្កេតលើបទចោទប្រកាន់ ដែលថាទាហានអាមេរិក និងមន្ត្រីទីភ្នាក់ងារ CIA បានប្រព្រឹត្តិខុសឆ្គងនៅអាហ្វហ្គានីស្ថាន។
សូមជំរាបថា តុលាការ ICC បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនកាលពីឆ្នាំ ២០០២ ក្នុងនាមជាស្ថាប័នអចិន្ត្រៃយ៍ និងឯករាជ្យពីរដ្ឋាភិបាលផ្សេងៗ នៅពេលដែលតុលាការនេះ ស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍៕

មតិយោបល់