ព័ត៌មានអន្តរជាតិ

មនុស្ស ១.៧ លាននាក់ ត្រូវព្រមានឲ្យជម្លៀសខ្លួនចេញ ខណៈព្យុះ Florence វាយប្រហារនៅអាមេរិក បណ្ដាលឲ្យមនុស្សស្លាប់..

អាមេរិកៈ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលព្យុះ Florence បានវាយប្រហារនៅឆ្នេរសមុទ្រខាងកើតរបស់អាមេរិក ដោយបណ្ដាលឲ្យផ្ទះចំនួន ៦០០,០០០ ខ្នងគ្មានភ្លើងប្រើប្រាស់ និងអគារជាច្រើនបានបាក់រលំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ស្ត្រីជាម្តាយម្នាក់ និងកូនម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលដើមឈើមួយដើម បានបាក់រលំនៅលើផ្ទះរបស់ពួកគេ ក្នុងទីក្រុង Wilmington របស់រដ្ឋ North Carolina ខណៈឪពុកក្មេងរងរបួស ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មនុស្សរាប់សិបនាក់ ត្រូវបានគេជួយសង្គ្រោះពីសណ្ឋាគារ ដែលបានបាក់រលំ ខណៈខ្យល់ព្យុះបានបក់រំលើងដើមឈើ និងភក់ល្បប់ពាសពេញតាមដងផ្លូវ។

តួលេខអ្នកស្លាប់ ៣នាក់ ត្រូវបានបញ្ជាក់ជាផ្លូវការ បន្ទាប់ពីក្រុមមន្ត្រី បាននិយាយថា មានមនុស្សស្លាប់ចំនួន ៤ នាក់ នៅក្នុងករណីមួយនេះ។

អភិបាលរដ្ឋ North Carolina លោក Roy Cooper បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃសុក្រថា តួលេខអ្នកស្លាប់អាចមានជាច្រើនជាងនេះបន្ថែមទៀត ដោយអាជ្ញាធរកំពុងធ្វើការស្វែងរក និងស៊ើបអង្កេត៕

មតិយោបល់