ព័ត៌មានជាតិ

រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយ៍រថភ្លើង ភ្នំពេញ បុកកង់បីឥណ្ឌា Pass App បណ្តាលឲ្យបុរសជាភ្ញៀវម្នាក់បាក់ជើង!

ភ្នំពេញៈ រថភ្លើងដឹកអ្នកដំណើររបស់ស្ថានីយ៍រថភ្លើង ភ្នំពេញ បើកឆ្លងកាត់ផ្លូវដោយគ្មានប៉ារ៉ាស់ហាមឃាត់​ រួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាដឹកភ្ញៀវមួយគ្រឿងទៀត ដែលបើកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យចំពាក់កណ្តាលពេញទំហឹងអូសជិត២០ម៉ែត្រ​ កាលពីវេលា​ម៉ោង​២និង១០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ច្រកចូលវត្ត​នាគវ័ន្ត​ តាមបណ្ដោយ​១៣២​ កែងនិងផ្លូវ​រថភ្លើង​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​គេ​ឃើញ​បុរស​ម្នាក់​បើក​បរម៉ូតូកង់បីមួយ​គ្រឿង​ម៉ាក​បាចា​ ពណ៌​ស​ ពាក់ស្លាកលេខ​ ស្វាយរៀង ​1M-4107​ និងបុរសជា​ភ្ញៀវ​បួននាក់ទៀតរួមដំណើរពីក្រោយ។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៣២​ ក្នុងទិសដៅពីជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុច​កើត​ហេតុ​ ក៏បានបើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ខណៈ​ពេល​នោះ​ស្រាប់​តែមាន​រថភ្លើងដឹកអ្នកដំណើររបស់​ស្ថានីយ៍រថភ្លើង ភ្នំពេញមួយខ្សែ​ ដោយ​បើកចេញពីអាកាស​យន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឆ្ពោះចូលទៅស្ថានីយន៍រថភ្លើង ភ្នំពេញ​ ក្នុង​ទិស​ដៅពីលិចទៅកើត​ រួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌា​កៀប​ជាប់​រថភ្លើង​អូសជិត២០​ម៉ែត្រ ​រងការខូចខាតយ៉ាងដំណំ​ និងបណ្តាលឲ្យ​បុរស​ជាភ្ញៀវម្នាក់​រងរបួស​បាក់ជើងខាងស្តាំ​ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។

បើតាមសម្តីពី​បុរស​ដែលជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាខាងលើបានឲ្យដឹងថានៅមុនពេល​កើត​ហេតុ​ គាត់បានដឹកភ្ញៀវទាំងបួននាក់ខាងលើ​ ចេញមកពីម្តុំវត្ត​នាគវ័ន្ត​បំណងដឹងទៅម្តុំឃ្លាំង​រំសេវ​។ លុះមកដល់​ចំណុច​កើត​ដោយមិនឃើញមានបិទប៉ារ៉ាស់ជាសញ្ញា​ប្រាប់​ថា​មានរថភ្លើង​បើក​ឆ្លងកាត់​ និងពុំមានលឺសម្លេង​ស៊ី​ផ្លេរបស់រថភ្លើង​ គួបផ្សំ​ទាំងស្ថាន​ភាព​នៅកន្លែង​កើតហេតុមានផ្ទះបាំងមិនអាចមើលឃើញរថភ្លើងដែលបើកឆ្លងកាត់ថែមទៀតផង​។ ពេលនោះគាត់ក៏បានបើកម៉ូតូកង់បីឆ្លងកាត់ផ្លូវរថភ្លើង​ ហើយក៏ត្រូវរថភ្លើងបើកមកបុកតែម្តង។

ក្រោយពេលកើតហេតុ​រថភ្លើង​ខាងលើបានបើកបន្តដំណើរចូលទៅក្នុងស្ថានីយ៍រថភ្លើង ភ្នំពេញបាត់ទៅ​។ ដោយឡែកម៉ូតូកង់បីឥណ្ឌាខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះមកយកទៅរក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​នៅពេលក្រោយ៕

មតិយោបល់