ឥណ្ឌាៈ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីឥណ្ឌា បានយល់ព្រមចរចា ជាមួយប៉ាគីស្ថាន នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក នាសប្តាហ៍ក្រោយ ស្រាប់តែរដ្ឋាភិបាល ក៏បានធ្វើការផ្លាស់ប្តូរជំហររបស់ខ្លួនវិញ ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីក្រុង Islamabad ដោយបានហៅការសម្រេចចិត្តនេះថា ជាទង្វើមិនត្រឹមត្រូវ និងខ្ជះខ្ជាយឱកាសបំផុត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយក្រសួងការបរទេសឥណ្ឌា បាននិយាយថា ការលុបចោលការចរចានេះ បានធ្វើឡើងបន្ទាប់ពីការសម្លាប់ដ៏សាហាវឃោរឃៅចុងក្រោយបំផុត ចំពោះបុគ្គលិកសន្តិសុខរបស់យើង ដោយអង្គភាពដែលមានមូលដ្ឋាន នៅប៉ាគីស្ថាន និងការចេញផ្សាយជាបន្តបន្ទាប់តាមរយៈប៉ុស្តិ៍ប៉ាគីស្ថាន ដែលបានលើកតម្កើងភេរវករ និងអំពើភេរវកម្ម។
ប៉ុស្តិ៍ប៉ាគីស្ថាននាពេលថ្មីៗនេះ បានចេញផ្សាយអំពីមេដឹកនាំក្រុម Hizbul Mujahideen (HM) លោក Burhan Wani ជាមេបញ្ជាការពួកឧទ្ទាមវ័យក្មេងម្នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពឥណ្ឌា កាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលការសម្លាប់នោះ បានបង្កឲ្យមានរលកនៃការតវ៉ា ដោយហិង្សានៅក្នុងរដ្ឋកាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា៕
មតិយោបល់