ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តNISSANមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ហើយបានគេចពីរ៉ឺម៉កមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបុកទ្វារហាងលក់ក្តារមឈូសយីហោ តាំង ហួរសែ ពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលឡើយកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៤៣អា ផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្ត២បាំង គ្មានស្លាកលេខ។ ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២២៣ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ បន្ទាប់មករថយន្តខាងលើក៏បានបួងចង្កូតបត់ឆ្វេងទៅផ្លូវ២៣០ ឆ្ពោះទៅផ្សារនាគមាសដោយខ្វះការប្រុងប្រយ័ត្ន ហើយបានទៅវ៉ាក់អឺជាមួយនិងរ៉ឺម៉កកង់បីមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរនៅខាងមុខ។ ភ្លាមនោះរថយន្តបង្កក៏បានកាច់ចង្កូតទៅខាងស្តាំដើម្បីគេចរ៉ឺម៉កកង់បី រួចក៏ជ្រុលទៅបុកក្លោងទ្វារហាងលក់ក្តារមឈូសខាងលើពេញទំហឹង បណ្តាលឲ្យសសរក្លោងទ្វារហាងលក់ក្តារមឈូសមួយដើមរងការខូចខាតបែកប្រេះ។ ចំណែកឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសរយះដៃខាងឆ្វេង។
សមត្ថកិច្ចបានឲ្យដឹងថាបុរសជាអ្នកបើកបរថយន្តបង្កខាងលើមានឈ្មោះ យ៉ុន សំអាន អាយុ១៩ឆ្នាំ ជាកម្មករនៅការ៉ាស់លក់រថយន្តមួយកន្លែង ស្នាក់នៅក្បែរកន្លែងកើតហេតុ។ ហើយរថយន្តបង្កខាងលើនោះមិនមែនជាកម្មសិទ្ធិរបស់បុរសខាងលើនោះទេ គឺបុរសរូបនោះបានយករថយន្តខាងលើដែលជារបស់ថៅកែដាក់សម្រាប់ទុកលក់យកមកបើក ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថាបុរសរូបនោះបើករថយន្តរបស់ថៅកែខ្លួនបំណង់ទៅណានោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ ហើយបានធ្វើការវាស់វែងស្ទូចយករថយន្តបង្ក រួមទាំងអ្នកបើកបរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាមួយភាគីខាងម្ចាស់ហាងទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់