ជប៉ុនៈ ព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងក្លាមួយ បានបក់បោកឆ្ពោះមកកាន់ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ដោយទីភ្នាក់ងារឧតុនិយម បានព្រមានថា ព្យុះនេះ នឹងវាយប្រហារឆ្លងកាត់ប្រទេស នៅចុងសប្តាហ៍នេះ ដែលបានពាំនាំនូវខ្យល់បក់ ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ព្យុះទីហ្វុង Trami ដែលមានល្បឿនអតិបរមា ១៦២គីទ្បូម៉ែត្រ ក្នុងមួយម៉ោង នៅចំណុចកណ្ដាលរបស់វា បានធ្វើដំណើរចេញពីតំបន់ប៉ាស៊ីហ្វិកយឺតៗ ៗឆ្ពោះទៅភាគខាងត្បូងកោះនៃប្រទេសជប៉ុន។
លោក Sakiko Nishioka មកពីភ្នាក់ងារឧតុនិយម បានប្រាប់សារព័ត៌មាន AFP ថា៖ «ខណៈដែលព្យុះនេះ ត្រូវបានព្យាករណ៍ថា នឹងឆ្លងកាត់ប្រទេសជប៉ុន ក្នុងល្បឿនលឿននោះ អាជ្ញាធរកំពុងជំរុញប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់»។
ទីភ្នាក់ងារនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុងនេះ កំពុងធ្វើដំណើរទៅទិសនិរតីយឺតៗ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងបែរទៅទិសខាងកើតជិតនឹងកោះ Okinawa និង Amami នៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕
មតិយោបល់