សិង្ហបុរី: បញ្ជីសម្រាំងនៃប្រទេស ដែលនឹងត្រូវរៀបចំ សម្រាប់កិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងបញ្ចូលប្រទេសសិង្ហបុរី និងវៀតណាម នេះបើយោងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសុក្រនេះ។
មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា « កន្លែងដែលគួរជាទីទុកចិត្តនោះ គឺប្រទេសវៀតណាម សិង្ហបុរី និងរដ្ឋហាវៃ»។
របាយការណ៍នេះ បានដកស្រង់សម្តីមន្ត្រីម្នាក់ទៀត និយាយថា «យ៉ាងណាមិញរដ្ឋហាវ៉ៃ គឺជាទីតាំងមិនប្រាកដនិយម ព្រោះវាមិនមានស្ថានទូតកូរ៉េខាងជើងនៅទីនោះទេ»។
យ៉ាងណាមិញរដ្ឋាភិបាលកូរ៉េខាងត្បូង បានសង្ឃឹមថា ភូមិ Panmunjom ដែលមានបទឈប់បាញ់គ្នា ស្ថិតនៅតំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលលើកទី២នេះ បើទោះបីវាមើលទៅហាក់មិនទំនងក៏ដោយ។
មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះ បានប្រាប់ភ្នាក់ងារព័ត៌មានថា៖ «យើងចង់ធ្វើកិច្ចប្រជុំនោះ នៅភូមិ Panmunjom ប៉ុន្តែលទ្ធភាពដែលអាចក្លាយជាការពិត ហាក់ដូចជាស្ដួចស្ដើងណាស់»៕
មតិយោបល់