ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ជំរុញឲ្យអាមេរិក និងសម្ព័ន្ធមិត្ត ឈរជើងនៅក្នុងប្រទេសស៊ីរី..

បារាំងៈ កាលពីថ្ងៃទី ១៤ ខែមេសាកន្លងទៅ ចក្រភពអង់គ្លេស អាមេរិក និងបារាំង បានធ្វើការវាយប្រហារនៅស៊ីរី បន្ទាប់ពីការសង្ស័យថា មានការប្រើប្រាស់អាវុធគីមីនៅទីក្រុងឌូម៉ា ដោយប្រទេសទាំង ៣ បានបាញ់មីស៊ីលជាង ១០០ វាយប្រហារទៅកាន់ទីតាំងដែលពួកគេបានចោទប្រកាន់នោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតីបារាំងលោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News បាននិយាយថា« អាមេរិក បារាំង និងសម្ព័ន្ធមិត្ត ត្រូវតែស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីកសាងស៊ីរីជាថ្មី និងទប់ទល់ឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ ក្រោយពីបានកម្ចាត់ក្រុមភេរវកម្ម Daesh រួចមក»។

ដោយលោក ម៉ាក្រុង បានបន្ថែមថា «យើងនឹងកសាងស៊ីរីថ្មី ក្រោយសង្គ្រាម ហើយនេះ ជាមូលហេតុដែលបារាំង គិតថាអាមេរិកពិតជាមានតួនាទីសំខាន់ណាស់ ដើម្បីបញ្ចប់សង្គ្រាមនេះ ជាមួយពួក Daesh ប្រសិនបើយើងចាកចេញទាំងស្រុងនោះ ទស្សនៈនយោបាយរបស់យើង ក៏ត្រូវចាកចេញផងដែរ ហើយរបបអ៊ីរ៉ង់ និងការដឹកនាំរបស់លោក អាសាដ នឹងរៀបចំសង្រ្គាមថ្មីបន្តទៀត ដោយពួកគេនឹងធ្វើឲ្យភេរវករថ្មី កាន់តែមានការកើនឡើងជាងមុន»៕

មតិយោបល់