ឥណ្ឌូនេស៊ីៈ ក្រុមមន្ត្រីបាននិយាយថា រលកស៊ូណាមីមួយ បានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ បន្ទាប់ពីវាបានវាយប្រហារក្នុងទីក្រុងតូចមួយ នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ក្រោយមានការរញ្ជួយដីដ៏ធំមួយ បានបង្កឲ្យបាក់រលំអគារ និងកាត់ផ្ដាច់ចន្តរអគ្គិសនី ខណៈចំនួនពិតប្រាកដនៃជនរងគ្រោះ គេនៅមិនទាន់ដឹងច្បាស់ទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
រលកយក្សស៊ូណាមីនេះ មានកម្ពស់រហូតដល់ ២ម៉ែត្រ បានវាយប្រហារនៅឆ្នេរសមុទ្រ ចំពេលដែលភ្លៀងធ្លាក់នៅទីក្រុង Palu ជារមណីយដ្ឋានទេសចរណ៍មួយ ស្ថិតនៅក្បែរតំបន់ទីប្រជុំជននេសាទ Donggala ជិតចំណុចកណ្តាលនៃការរញ្ជួយដី ដែលមានចម្ងាយ ២៧ គីឡូម៉ែត្រ។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ករណីរញ្ជួយដី និងរលកយក្សស៊ូណាមីនេះ បានបង្កឲ្យមានមនុស្សស្លាប់យ៉ាងច្រើន … ខណៈដែលរបាយការណ៍ដំបូងៗ បង្ហាញថា ជនរងគ្រោះបានស្លាប់ នៅក្នុងគំនរបាក់បែកនៃអគារបាក់ស្រុត»។
ប្រភពដដែលបានបន្ថែមថា គ្រោះរញ្ជួយ បានធ្វើឲ្យកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង និងចរន្តអគ្គិសនី ដែលបង្កឲ្យមានការលំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕
មតិយោបល់