ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី៖ វាពិតជាចាំបាច់ណាស់ ដើម្បីទប់ទល់នឹងការរារាំងកិច្ចប្រឹងប្រែងនៅស៊ីរី

តួកគីៈ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងតួកគី រុស្ស៊ី និងអ៊ីរ៉ង់ លោក Erdogan បាននិយាយថា ការស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ ក្នុងប្រទេសស៊ីរី គឺជាកត្តាដ៏សំខាន់ សម្រាប់បូរណភាព អធិបតេយ្យភាពរបស់ប្រទេសមួយនេះ ក៏ដូចជាសន្តិសុខជាតិ នៃបណ្តាប្រទេសនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបង្ហោះសារនៅលើប្រព័ន្ធសង្គមមួយ អំពីលទ្ធផលនៃកិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ដោយលោកបាននិយាយថា សំណួរទាក់ទងនឹងប្រតិបត្តិការរំដោះខេត្ត Idlib គួរតែត្រូវបានដោះស្រាយ ដោយពុំបង្កឲ្យមានការឈឺចាប់កើនទ្បើង ឬភាពតានតឹងថ្មី ក៏ដូចជាការរងទុក្ខបន្ថែមទៀតនោះទេ។

ខណៈដែលប្រទេសតួកគី ដែលមានជនភៀសខ្លួនស៊ីរីជាង ៣.៥លាននាក់ លោក Erdogan បានបន្ថែមថា ប្រតិបត្តិការបោសសម្អាតនៅស៊ីរី មិនមែនគ្រាន់តែប្រើយុទ្ធសាស្រ្តវាយលុក ហើយមិនយកចិត្តទុកដាក់លើជីវិតជនស៊ីវិល ដោយគិតតែការកម្ចាត់ពួកភេរវករប៉ុណ្ណោះទេ»។

លោក Erdogan បានកត់សម្គាល់ថា «ប្រសិនបើពិភពលោកងងឹតភ្នែក ចំពោះការសម្លាប់ប្រជាជនស្លូតត្រង់រាប់ម៉ឺននាក់ ដើម្បីជំរុញផលប្រយោជន៍នៃរបបដឹកនាំប្រទេសនោះ តួកគី នឹងមិនចូលរួមក្នុងការប្រកួតបែបនេះទ្បើយ។

សូមជំរាបថា ក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគី នៅទីក្រុងតេអេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានយល់ស្របនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយថា វិធីតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី គឺតាមរយៈដំណើរការនយោបាយចរចារ៕

មតិយោបល់