សិង្ហបុរីៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis និងសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាមួយឈ្មោះថា Vigilant Ace ដែលគ្រោងនឹងធ្វើទ្បើង នៅខែធ្នូខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Dana White បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីទាំងពីរបានយល់ព្រមគ្នា ដើម្បីផ្អាកសមយុទ្ធមួយនេះ ក្នុងគោលបំណងរក្សា និងបន្តកិច្ចប្រឹងប្រែងផ្នែកការទូត ជាមួយកូរ៉េខាងជើង។
ដោយរដ្ឋមន្រ្តីទាំងពីរ បានប្តេជ្ញាចិត្តកែលំអការហ្វឹកហ្វឺន ដើម្បីធានាដល់ការត្រៀមខ្លួន សម្រាប់កងកម្លាំងរបស់ពួកគេ ហើយបានបញ្ជាក់ថា តម្រូវការសម្រាប់សមយុទ្ធយោធា នឹងនៅតែបន្តធ្វើនាពេលអនាគត ។
ការសម្រេចចិត្តនេះ បានកើតឡើងនៅពេលដែលលោក Mattis បានជួបជាមួយលោក Jeong និងរដ្ឋមន្រ្តីក្រសួងការពារជប៉ុនលោក Takeshi Iwaya កាលពីថ្ងៃសុក្រ នៅឯជំនួបកំពូលសន្តិសុខមួយ នៅសិង្ហបុរី៕
មតិយោបល់