គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងលោក ទ្រី សក្កដា គឺជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ប៉ុន្តែគួរអោយឆ្ងល់លោកបែរជាមិនអាចក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មនេះបាន ដោយលោកបានបញ្ជាក់អោយដឹងពីមូលហេតុដែលនាំអោយលោកមិនអាចហក់ចូលហង្សមាស បើទោះជាលោកមានតំណែង និងមានទំនាក់ទំនងស៊ីជម្រៅនៅក្នុងផលិតកម្មនេះ។ លោកបានបញ្ជាក់បែបនេះ ក្នុងពិធីខួបកំណើតធំកាលពីថ្ងៃទី ១៩ តុលា នៅភោជនីយដ្ឋានរស្មីសាច់អាំងទួលគោក នៅខាងក្រោយសាលាបឋមសិក្សាទួលគោក។
លោក ទ្រី សក្កដា និយាយថា មកទល់ពេលនេះ លោកបានទទួលជោគជ័យលើអាជីពចម្រៀងយ៉ាងខ្លាំង ដោយបទចម្រៀងទាំង៩ដែលបានចេញបង្ហោះនៅលើយូធូបថ្មីៗ សុទ្ធតែមានអ្នកចូលស្ដាប់ច្រើន មិនចាញ់បទចម្រៀងរបស់តារាអាជីពយូរឆ្នាំ។
លោកថាខ្លួនមិនពិបាកក្នុងការផលិតបទចម្រៀងល្អៗផ្ទាល់ខ្លួននោះទេ ដោយសារតែលោកមានបទពិសោធន៍ផលិតបទចម្រៀង និងនិពន្ធប៉ារ៉ូលបទចម្រៀងអោយតារាចម្រៀងជាយូរឆ្នាំមកហើយស្រាប់នៅក្នុងផលិតកម្មហង្សមាស។
លោកទទួលស្គាល់ថាខ្លួនមិនអាចក្លាយខ្លួនជាតារាចម្រៀងបានទេ ដោយសារតែលោកមានសំឡេងស្រាល ហើយមិនមែនជាសំឡេងដែលត្រូវតាមការចង់បានហង្សមាស។ ម្យ៉ាងមកពីលោកមិនចង់ឡូកឡាក់នៅក្នុងហង្សមាស ក្រៅពីអាជីពជាអ្នកនិពន្ធនោះផង ទើបលោកមិនប្រឹងស្វះស្វែងដើម្បីឈោងយកអាជីពចម្រៀងមួយទៀតនៅក្នុងហង្សមាស។ លោកថារយៈពេលជាង២ឆ្នាំនៅហង្សមាស លោកបាននិពន្ធបទចម្រៀងអោយហង្សមាសបានប្រមាណជាង៣០០បទមកហើយ ដោយភាគច្រើនសុទ្ធតែជាបទនិពន្ធថ្មី និងជាបទផ្តោតលើយុវវ័យ ដោយក្នុងចំណោមបទទាំងនោះក៏មានការដឹកនាំសម្ដែងដោយផ្ទាល់របស់លោកផងដែរ។
លោក ទ្រី សក្កដា ថ្លែងអោយដឹងពីមូលហេតុ ដែលនាំអោយលោកសម្រេចចិត្តធ្វើខួបកំណើតក្នុងភោជនីយដ្ឋាន«រស្មីសាច់អាំង»ថា គឺដោយសារតែលោកក៏មានតំណែងនៅក្នុងភោជនីយដ្ឋានមួយនេះ ក្រៅពីការងារសិល្បៈ។ លោកថានេះជាពិធីខួបលើកទី២ បន្ទាប់ពីឆ្នាំ២០១៦ក៏ធ្លាប់ធ្វើធំម្ដងដែរ ដែលការចំណាយធ្វើឆ្នាំនេះ គឺដើម្បីពង្រីកប្រជាប្រិយក្នុងវិស័យចម្រៀងឯករាជ្យដែលលោកទទួលជោគជ័យ។ លោកកាន់តែសប្បាយចិត្ត ទៅទៀត ដែលក្នុងថ្ងៃខួបរបស់ខ្លួន គឺទោះជាមានរំខានដោយភ្លៀង និងមានកម្មវិធីសិល្បៈមួយផ្សេងទៀតជាន់គ្នា ក៏នៅតែមានភ្ញៀវចូលរួមកុះករ ដោយនៅក្នុងនោះ ក្រៅពីវត្តមានតារាចម្រៀង អ្នកនិពន្ធ និងផលិតករនៅផលិតកម្មផ្សេង ក៏មានភ្ញៀវកិត្តិយសជាអ្នកមានមុខមានមាត់ចូលរួម៕
មតិយោបល់