ចិនៈ ក្រុងប៉េកាំង និងបណ្ដាប្រជាជាតិអាស៊ាន ដែលមានសមាជិក ១០ ប្រទេស គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង នៅសមុទ្រចិនខាងត្បូងនាសប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ដែនសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
សមុទ្រចិនខាងត្បូង ជាតំបន់មួយក្នុងចំណោមតំបន់ ដែលកំពុងមានជម្លោះដ៏តានតឹងនៅលើពិភពលោក។ ដោយក្រុងប៉េកាំង បានអះអាងការទាមទាររបស់ខ្លួន សម្រាប់ដែនទឹកទាំងនោះ ក្នុងរួមមានកោះ តំបន់ថ្មប៉ប្រះទឹក និងផ្លូវសមុទ្រ ខណៈដែលវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងតៃវ៉ាន់ បានបញ្ជាក់ថាជាអធិបតេយ្យភាពរបស់ពួកគេ។
ទោះជាយ៉ាងនេះក្ដី សេរីភាពនៃការធ្វើនាវាចរ និងការដឹកជញ្ជូន សម្រាប់បណ្ដាប្រទេសពាក់ព័ន្ធ ត្រូវបានគេចងក្រងនៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ដែលបានកំណត់សិទ្ធិ និងការទទួលខុសត្រូវរបស់បណ្ដាលប្រទេស ទាក់ទងនឹងការប្រើប្រាស់មហាសមុទ្រ និងធនធានធម្មជាតិសមុទ្រ។
ដោយអនុសញ្ញានេះ មានសុពលភាពចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ហើយបច្ចុប្បន្នមានភាគីចំនួនជាង ១៦៥ប្រទេស បានចូលរួមក្នុងអនុសញ្ញានេះ៕
មតិយោបល់