ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងយ៉ាងលឿន ទៅបុកម៉ូតូដែលចតចោលមុខផ្ទះ និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋ រងការខូចខាតម៉ូតូអស់១គ្រឿង និងទ្វាររូតអស់១ផ្ទាំង ។ ចំណែករថយន្តដែលនៅក្នុងផ្ទះខូចខាតកាងខាងក្រោយអស់មួយគ្រឿង និងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ធ្លុះធ្លាយ១ជញ្ជាំង និងបែកកញ្ចក់ទូរលក់ថ្នាំអស់មួយ។
ករណីនេះបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃអាទិត្យទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតរោងចក្រប័រី ផ្លូវបេតុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់បើករថយន្តឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-6838 បើយ៉ាងលឿនតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតនូវម៉ូតូមួយគ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-6744 រងការខូចខាតដាច់កន្ទុយក្រោយនិងវៀចកង់រួមទាំងសាក់ស៊ី រថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ទ្វាររូតអស់មួយ ផ្ទាំង ក៏ខ្ទាតទៅប៉ះរថយន្តព្រូសពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ1 2Z.1879 ដាច់កាងខាងក្រោយហើយនិងបន្តទៅប៉ះជញ្ជាំងធ្លុះធ្លាយអស់១ ផ្ទាំង ព្រមទាំងបែកកព្ចក់ទូរដាក់ថ្នាំពេទ្យអស់មួយដុំធំ។ ចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។
តាមសម្តីម្ចាស់ផ្ទះលក់ម៉ូតូបានប្រាប់សារព័ត៌មានបានឲ្យដឹងថា មុនដំបូងរូបគាត់បានឈរមុខផ្ទះជិតម៉ូតូរបស់គាត់ស្រាប់តែឃើញរថយន្តបង្កខាងលើតម្រង់មកចំគាត់ ហើយរូបគាត់ក៏ស្ទុះរត់ចូលក្នុងផ្ទះផុតបានត្រឹមតែបុកម៉ូតូរបស់គាត់ ហើយបន្តបុក ចូលផ្ទះឈ្មោះ ឧត្តម ធ្វើស៊ុមរូបថត និងទម្លុះជញ្ចាំងផ្ទះពេទ្យ ពិគ្រោះ និងពិនិត្យ ជំងឺទូទៅ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ក្រុងមកវាស់វែង
រួចខាងភាគីរងគ្រោះមិនឲ្យសមត្ថកិច្ចយករថយន្តបង្កនិងវត្ថុតាំងផ្សេងៗទៀតយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាថ្ងៃក្រោយនោះទេ។ពួកគាត់ទុកដោះស្រាយដោយខ្លួនឯង៕
មតិយោបល់