កូរ៉េៈ ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង រួមទាំងបញ្ជាការនៃអង្គការសហប្រជាជាតិ (UNC) បានយល់ព្រមគ្នា ដើម្បីដកអាវុធ ក៏ដូចជាឆ្មាំយាមនៅក្នុងភូមិ Panmunjom នាសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
ភាគីទាំងបី បានបើកកិច្ចចរចាលើកទី ២ របស់ពួកគេនៅភូមិ Panmunjom ដើម្បីពិភាក្សាអំពីវិធី ដើម្បីដកកងកម្លាំងយោធាចេញពីតំបន់ព្រំដែន ស្របតាមកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលបានធ្វើទ្បើងក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែមុន នៅទីក្រុងព្យុងយ៉ាង។
UNC ដែលដឹកនាំដោយអាមេរិក និងក៏ជាអ្នកបានត្រួតត្រាកិច្ចការ នៅតំបន់គ្មានព្រំដែនយោធា (DMZ) ចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មិនទាន់អាចធ្វើការអត្ថាធិប្បាយ ឬបកស្រាយការលើកទ្បើងនេះ ភ្លាមៗទេ ប៉ុន្តែបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងគាំទ្រកិច្ចប្រឹងប្រែងរបស់កូរ៉េទាំងពីរ ដើម្បីអនុវត្តកិច្ចព្រមព្រៀងយោធារបស់ពួកគេ។
ការប្រកាសនេះ កើតមានចំពេលដែលមានការព្រួយបារម្ភរបស់អាមេរិកថា គំនិតផ្តួចផ្តើមយោធាអន្តរកូរ៉េ អាចធ្វើឲ្យប៉ះពាល់ដល់ការត្រៀមខ្លួនការពារជាតិ ហើយនឹងមិនមានវឌ្ឍនភាពច្រើនលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះទេ៕
មតិយោបល់