ព័ត៌មានអន្តរជាតិ

ទាហានអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងការវាយឆ្មក់នៅតំបន់ West Bank

ប៉ាឡេស្ទីនៈ ប្រភពពីខាងមន្ត្រីពេទ្យប៉ាឡេស្ទីនម្នាក់ បាននិយាយនៅថ្ងៃពុធនេះថា ទាហានអ៊ីស្រាអែល បានសម្លាប់បុរសប៉ាឡេស្ទីនម្នាក់ និងបីនាក់ផ្សេងទៀតរងរបួស នៅអំឡុងការវាយឆ្មក់មួយ ក្នុងភូមិមួយស្ថិតនៅតំបន់ West Bank ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

យោធាអ៊ីស្រាអែល បាននិយាយថា កងទ័ពខ្លួនបានបាញ់កាំភ្លើង និងប្រើវិធានការ ដើម្បីបំបែកកុបកម្ម​ បន្ទាប់ពីពួកប៉ាឡេស្ទីនប្រហែល ៥០នាក់ បានគប់ដុំថ្មលើពួកគេ ក្នុងអំឡុងប្រតិបត្តិការនៅភូមិ Taamun ។

ក្រុមអ្នករស់នៅក្នុងតំបន់ បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានចូលក្នុងផ្ទះជាច្រើនខ្នងរបស់ពួកគេ ដើម្បីស្វែងរកពលរដ្ឋប៉ាឡេស្ទីនណា ដែលគេសង្ស័យថា មានសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល។

សូមជំរាបថា កងទ័ពអ៊ីស្រាអែល តែងតែធ្វើការវាយឆ្មក់នៅតំបន់ West Bank ក្នុងនោះរួមមានទាំងនៅតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រង ដោយជនស៊ីវិលប៉ាឡេស្ទីន ជាកន្លែងដែលអ៊ីស្រាអែល កំពុងត្រួតត្រារក្សាសន្តិសុខទូទៅនៅទីនោះផងដែរ៕

មតិយោបល់