UN: គ្រោះរាំងស្ងួតបានអូសបន្លាយ នៅទូទាំងតំបន់អាហ្រ្វិកខាងកើត គួបផ្សំនិងគ្រោះទឹកជំនន់ ក្នុងបណ្ដាលប្រទេសភាគខាងត្បូងអាហ្វ្រិក បានប៉ះពាល់ដល់ជីវិតរស់នៅ និងបង្កផលលំបាកសម្រាប់ប្រជាជន ដោយត្រូវប្រឈមមុខនឹងបញ្ហាសន្ដិសុខស្បៀង កាន់តែអាក្រក់ខ្លាំងទ្បើង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧។
អង្គការសហប្រជាជាតិផ្នែកស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា (FAO) បាននិយាយថា រហូតមកទល់ពេលនេះ ប្រទេសចំនួន ៣៧ ហើយ កំពុងត្រូវការជំនួយផ្នែកស្បៀងអាហារ ក្នុងនោះរួមមានបណ្តាប្រទេសនៅអាហ្វ្រិកចំនួន ២៨ ដែលបានទទួលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត កាលពីឆ្នាំមុន ដែលធ្វើឲ្យរាំងស្ទះដល់ការប្រមូលផល។
នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប ១១,៣ លាននាក់ កំពុងត្រូវការជំនួយស្បៀងអាហារបន្ទាន់ ខណៈដែលអង្គការសហប្រជាជាតិ បានប្រកាសពីគ្រោះទុរ្ភិក្ស នៅប្រទេសអាហ្រ្វិកខាងកើត កាលពីសប្តាហ៍មុន។
មនុស្សរាប់ម៉ឺននាក់ហើយ បានស្លាប់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដោយជាង ២ លាននាក់ទៀត ត្រូវបានផ្លាស់ទីលំនៅ ដោយអំពើហិង្សាឥតឈប់ឈរ ទោះបីប្រទេសនេះ បានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ ២០១៥ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពមួយក៏ដោយ។
ការិយាល័យអង្គការសហប្រជាជាតិ សម្របសម្រួលកិច្ចការមនុស្ស (OCHA) បានព្រមានផងដែរថា គ្រោះរាំងស្ងួត នឹងបន្តកើនឡើងម្ដងទៀតនៅសូម៉ាលី ដែលអាចឲ្យប្រទេសនេះប្រឈមនឹងអសន្តិសុខ ព្រមទាំងជួបគ្រោះទុរ្ភិក្ស៕

មតិយោបល់