UN: សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានជំទាស់និងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង របស់ប្រទេសចិន ដោយបាននិយាយថា មេដឹកនាំលោក គីម ជុងអ៊ុន បានសម្តែងអាកប្បកិរិយាមិនសមគួរ ហើយថាវាត្រូវតែពិចារណាវាយតម្លៃទ្បើងវិញ ដើម្បីរកវិធីសាស្រ្ត ក្នុងការដោះស្រាយជាមួយនឹងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
ប្រទេសចិនដែលជាសម្ព័ន្ធមិត្តសំខាន់ របស់ទីក្រុងព្យុងយ៉ាង បានអំពាវនាវភ្លាមៗ ទៅកាន់កូរ៉េខាងជើង ឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដើម្បីជាកិច្ចផ្លាស់ប្តូរ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ របស់កូរ៉េខាងត្បូង និងអាមេរិក។
លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសនៅទីក្រុងប៉េកាំង បាននិយាយថា សំណើរចរចានេះ អាចជួយឲ្យសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ត្រឡប់មកពិភាក្សាជាមួយគ្នាវិញ ដើម្បីបញ្ចៀសអ្វីដែលហៅថា «ជាការប្រឈមមុខដាក់គ្នាផ្នែកយោធា និងអាវុធ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងស្ថេរភាពពិភពលោក»។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley បានហៅសកម្មភាពរបស់កូរ៉េខាងជើងថា «ជាការឆ្លើយតបផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សា»។
លោកស្រី Haley បានប្រាប់ក្រុមអ្នកកាសែតថា «យើងមិនចាំបាច់ត្រូវធ្វើការដោះស្រាយជាមួយមនុស្ស គ្មានហេតុផលនោះទេ»។ «ប្រសិនបើនេះ ជាប្រទេសណាមួយផ្សេងទៀត នោះយើងនឹងពិភាក្សាដោះស្រាយអំពីវា ហើយវាក៏នឹងគ្មានបញ្ហានោះទេ»។
លោកស្រី បានរៀបរាប់ថា លោកគីម «ជាបុគ្គលជ្រុលនិយម ដែលមិនចេះគិចពិចារណច្បាស់លាស់នោះទេ ហើយលោកស្រីបានបន្ថែមថា «យើងកំពុងវាយតម្លៃឡើងវិញ អំពីរបៀបនៃការដោះស្រាយជាមួយកូរ៉េខាងជើង នាពេលខាងមុខ»។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន០៤គ្រាប់ កាលពីវេលាម៉ោង ៧ និង៣៦នាទីព្រឹកថ្ងៃច័ន្ទ ដោយមីស៊ីលចំនួន ០៣គ្រាប់ បានធ្លាក់ចូលក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត ដើម្បីជាឆ្លើយតបនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល៕

មតិយោបល់