អាមេរិកៈ ថ្លែងនៅឯសេតវិមានកាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទាហានអាមេរិក ១៥,០០០ នាក់ អាចត្រូវបានដាក់ពង្រាយនៅព្រំដែនរវាងអាមេរិក-ម៉ិកស៊ិក ដើម្បីរារាំងការធ្វើចរាចរណ៍នៃក្រុមជនចំណាកស្រុក មិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
សម្រាប់ទាហាន ដែលនឹងត្រូវបញ្ជូនទៅព្រំដែននោះ គឺមានចំនួនកាន់តែច្រើនជាងទាហានបច្ចុប្បន្ន ដែលអាមេរិកបានដាក់ពង្រាយនៅប្រទេសអាហ្វហ្គានីស្ថានផងដែរ។
ដោយលោក ត្រាំ បានបន្ថែមថា៖ «យើង នឹងបញ្ជូនយោធាទៅកាន់កន្លែងណាមួយ ចន្លោះពី ១០ ទៅ ១៥ ម៉ឺននាក់ ដែលពួកគេ អាចនឹងទៅកាន់ព្រំដែន»។
ក្នុងនោះប្រធានាធិបតី បានបញ្ជាក់ទៀតថា រដ្ឋបាលរបស់លោក កំពុងថ្លឹងថ្លែងក្រោយការគំរាមកំហែងពីមុន ដើម្បីកាត់ផ្ដាច់ជំនួយបរទេស ដល់ប្រទេសដែលមានប្រភពដើមនៃជនភៀសខ្លួន។
សូមជំរាបថា បច្ចុប្បន្នក្រុមជនចំណាកស្រុក ដែលមានចំនួនរាប់ពាន់នាក់ កំពុងស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក បានធ្វើដំណើរទៅទិសខាងជើង អ្នកទាំងនោះមកពីប្រទេសហុងឌូរ៉ាស អេលសាវ៉ាឌ័រ និងហ្គាតេម៉ាឡាជាដើម៕
មតិយោបល់