ព័ត៌មានអន្តរជាតិ

ឥណ្ឌា រំពឹងថា នឹងអាចបន្តការនាំចូលប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិក

ឥណ្ឌា: ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌានាពេលមុនថ្មីៗនេះ បានឲ្យដឹងថា ក្រុងវ៉ាស៊ីនតោន មិនបានជូនដំណឹងដល់ក្រុងញូវដែលី អំពីផែនការណាមួយ ដើម្បីអនុញ្ញាតឥណ្ឌាឲ្យលើកលែង ចំពោះការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលនឹងត្រូវបានកំណត់ ដោយរតនាគារអាមេរិក នៅថ្ងៃទី៤ ខែវិច្ឆិកានោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ២ ខែតុវិច្ឆិកា ឆ្នាំ២០១៨។

តែយ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌាសង្ឃឹមថា នឹងអាចបន្តការនាំចូលប្រេងពីអ៊ីរ៉ង់ ក្រោយការដាក់ទណ្ឌកម្មរបស់អាមេរិក លើទីក្រុងតេអេរ៉ង់ នាចុងសប្តាហ៍នេះ។

ដោយខាងក្រសួងបានបញ្ជាក់ថា «យើងមានកិច្ចចរចាជាច្រើនស្តីពីបញ្ហានេះ ទាំងនៅអាមេរិក និងជាមួយភាគីពាក់ព័ន្ធដទៃទៀត។ ចំពោះអាមេរិក យើងសង្ឃឹមថា ឥណ្ឌានឹងនៅតែអាចបន្តការដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់»។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលក្រុងញូវដែលី បានប្រាប់ទៅក្រុងវ៉ាស៊ីនតោនថា ការព្យួរការនាំចូលប្រេងឆៅភ្លាមៗ ពីប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យតម្លៃប្រេងសាំងកើនឡើង នៅក្នុងប្រទេសឥណ្ឌា៕

មតិយោបល់