ភ្នំពេញៈ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨
មានករណីបុរសជនជាតិចិន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានជិះរថយន្តស៊េរីទំនើបម៉ាកSIENA ពណ៌ស បានចុះទៅចាប់វាយបុរសជនរងគ្រោះជាជាតិចិនម្នាក់ និងព្យាយាមរុញជនរងគ្រោះចូលទៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៅក្នុងក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមជនសង្ស័យកំពុងតែដើរស្វែងរកបុរសម្នាក់ដែលបានដេកជាមួយនឹងប្រពន្ធខ្លួន លុះពេលនោះស្រាប់តែប្រទះឃើញជនរងគ្រោះ ទើបនាំគ្នាចុះទៅចាប់ដើម្បីធ្វើការសួរនាំ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងបែបនេះតែម្តងទៅ ហើយក្រុមជនសង្ស័យបានអះអាងថា ចាប់ច្រឡំ ហើយក៏ដោះលែងបុរសជាជនរងគ្រោះនោះឲ្យត្រឡប់ទៅវិញផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរជាបន្តទៀតផងដែរ៕


មតិយោបល់