ព័ត៌មានអន្តរជាតិ

ហូឡង់ នឹងទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត តាមការទាមទាររបស់ណាតូ

ហូទ្បង់ៈ រដ្ឋាភិបាលក្រុងអាំស្ទែដាំ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនការចំណាយ ផ្នែកការពារជាតិនៅឆ្នាំក្រោយ ដើម្បីទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត សម្រាប់បង្កើនសមត្ថភាពពិសេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ផែនការនេះ រួមមានទាំងការទិញយន្តហោះចម្បាំង F-35A ចំនួន ១៥ គ្រឿងបន្ថែមទៀត ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិក នេះបើតាមរដ្ឋមន្ត្រីការពារជាតិលោក Ank Bijleveld បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANP ។

ដោយលោកបញ្ជាក់ទៀតថា ការវិនិយោគបន្ថែម នៅក្នុងវិស័យការពារជាតិ គឺជាភាពចាំបាច់ពីព្រោះតំបន់សុវត្ថិភាព នៅជុំវិញប្រទេសហូទ្បង់ បានក្លាយទៅជាកន្លែងដែលគ្មានស្ថេរភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារជាតិហូទ្បង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅទីក្រុងឡាអេថា «មានការគំរាមកំហែងជាច្រើន និងជម្លោះនានាកាន់តែធ្វើឲ្យមានភាពស្មុគស្មាញទ្បើង នាពេលថ្មីៗនេះ»។

សូមជំរាបថា ប្រទេសហូទ្បង់ បានទិញយន្តហោះចម្បាំង F-35A ចំនួន ៣៧ គ្រឿងរួចមកហើយ ដែលគេរំពឹងថា ពួកគេនឹងចាប់ផ្តើមប្រតិបត្តិការវា នៅឆ្នាំ ២០១៩ខាងមុខ៕

មតិយោបល់