ជប៉ុនៈ រ៉ាដាថ្មី ត្រូវបានគេរាយការណ៍ថា នឹងផ្តល់នូវការគ្របដណ្តប់ ៣៦០ ដឺក្រេ សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ដោយគ្មានចំណុចបិតបាំងបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩។
ប្រភពពីក្រុមមន្ត្រីការទូត បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យថា ក្រុងវ៉ាស៊ីនតោន និងតូក្យូ កំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធរ៉ាដាថ្មីមួយ សម្រាប់នាវាកងទ័ពជើងទឹកអាមេរិក ដែលបំពាក់ដោយប្រព័ន្ធ Aegis ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពការពារ។
ប្រព័ន្ធថ្មីនេះ មានបំណងទប់ទល់នឹងអាវុធថ្មីៗ ដែលរួមមានមីស៊ីលល្បឿនលឿន ដែលត្រូវបានបង្កើតឡើង ដោយប្រទេសចិន និងប្រទេសរុស្ស៊ី ហើយការសម្របសម្រួលលើគម្រោងនេះ បានឈានដល់ដំណាក់កាលចុងក្រោយហើយ៕
មតិយោបល់