តូក្យូៈ រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានប្រឆាំងនឹងការបាញ់បង្ហោះមីស៊ីល ពីសំណាក់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កាលពីព្រឹកមិញ ដែលវាអាចជាសញ្ញាព្រមានគំរាមកំហែង ផ្នែកយោធាបន្ថែមទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋាភិបាលជប៉ុន បានចេញសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃអង្គារនេះថា ការបាញ់បង្ហោះមីស៊ីល របស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើង មិនឲ្យអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ជប៉ុននឹងបង្កើនការសម្របសម្រួល ជាមួយប្រទេសកូរ៉េខាងត្បូង អាមេរិក និងប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះ។
គួរបញ្ជាក់ថា នៅអង្គារនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានដឹកនាំនាយកដ្ឋានពាក់ព័ន្ធ ដើម្បីប្រមូល និងធ្វើការវិភាគយ៉ាងហ្មត់ចត់ អំពីការបាញ់មីស៊ីលពីកូរ៉េខាងជើង៕
មតិយោបល់