ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករកម្ពុជា ចូលរួមលក់ភាពយន្តខ្មែរ ក្នុងព្រឹត្តិការណ៍ Filmart នៅហុងកុង

ក្នុងពិធីសម្ពោធព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ នៅក្នុងទីក្រុងហុងកុង ដែលមានឈ្មោះថា Filmart កាលពីព្រឹកថ្ងៃទី១៨ មីនា ក្រុមផលិតករខ្មែរ ដោយរួមមានទាំងអ្នកជំនួញភាពយន្តផង បានចូលរួមតាំងស្ដង់លក់ភាពយន្តរបស់ខ្មែរ ដូចគ្នានឹងបណ្ដាប្រទេស ប្រមាណជា១៨០ប្រទេស ដែលចូលរួមផងដែរ។

នេះជាព្រឹត្តិការណ៍លក់ភាពយន្តអន្តរជាតិធំមួយ ប្រចាំទីក្រុងហុងកុង ដែលបណ្ដាផលិតករនៅទូទាំងពិភពលោក ប្រជែងគ្នាយកស្នាដៃល្អៗ យកមកបង្អួតដើម្បីលក់ ខណៈដែលភាពយន្តខ្មែរក្រៅពីត្រូវបានបរទេស ចាប់អារម្មណ៍ទិញមិនខុសគ្នា ក៏ថែមទាំងមានផលិតករបរទេសមួយក្រុម អោយតម្រុយថា នឹងចុះមកផលិតភាពយន្តខ្មែរនៅកម្ពុជាផង។

កម្មវិធីដែលបានដំណើរការនៅក្នុងទីក្រុងហុងកុងនេះ មានបណ្ដាផលិតកររហូតដល់ជាង១៨០ប្រទេសដាក់ស្ដង់លក់ភាពយន្តរបស់ខ្លួន ខណៈដែលភាពយន្តគំនូរជីវចល ត្រូវគេឃើញដាក់លក់ច្រើនជាងគេ ហើយក*មានចាប់អារម្មណ៍ទិញច្រើនជាងគេ។ តំណាងប្រទេសកម្ពុជា ដែលបានចូលរួមរួមមាន មន្ត្រីសមគមភាពយន្តកម្ពុជា អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត និងលោក ហ៑ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រជាដើម។ ព្រឹត្តិការណ៍នេះ គ្រោងបញ្ចប់នៅថ្ងៃទី២០ មីនា ដោយក្រៅពីតាំងស្ដង់លក់រឿង នៅថ្ងៃទី១៩ មីនា ក៏ជាថ្ងៃដែលតម្រូវអោយតំណាងប្រទេសទាំងអស់ ស្លៀកឈុតតំណាងជាតិ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។

អ្នកស្រី សរ កេសរា ដែលបានចូលរួមជាថ្មី ក្នុងព្រឹត្តិការណ៍នេះ បានថ្លែងបញ្ជាក់ថា អ្នកស្រីធ្លាប់បានចូលរួម ក្នុងព្រឹត្តិការណ៍ច្រើន លើកមកហើយ ដោយការចូលរួមឆ្នាំនេះ ដ្បិតថា មិនបានយករឿងយកមកតាំងស្ដង់ ដើម្បីលក់អោយភ្ញៀវ ដែលជាផលិតករជនជាតិបរទេស ប៉ុន្តែអ្នកស្រី ក៏បានផ្លែផ្កាក្នុងការទាក់ទាញ បណ្ដាផលិតករជាជនបរទេស អោយដឹងពីការរីកចំរើន នៃវិស័យភាពយន្តខ្មែរ ដែលធ្វើអោយផលិតករទាំងនោះ ចង់ចុះមកផលិតភាពយន្តច្រើនឡើង នៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកស្រីថា បើទោះជាស្ថានភាពភាពយន្ត នៅក្នុងប្រទេសកម្ពុជាខ្លួនហាក់ល្អហាក់មិនល្អ ប៉ុន្តតែសម្រាប់ក្រសែភ្នែកបរទេស មិនមានអ្នកណាមិនចាប់អារម្មណ៍ពីការផលិតភាពយន្ត នៅក្នុងប្រទេសកម្ពុជានោះទេ តាមរយៈសកម្មភាពចូលរួមរបស់អ្នកស្រី និងបណ្ដាផលិតករក្នុងស្រុកផ្សេងទៀតនោះទេ បន្ទាប់ពីផលិតករខ្មែរកាន់តែច្រើនបង្ហាញខ្លួនយករឿង និងមកទំនាក់ទំនងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត នៅអន្តរជាតិបែបនេះនាពេលចុងក្រោយ៕

មតិយោបល់