ប្រទេសថៃៈ ទារកម្នាក់ដែលទើបតែមានអាយុ៣ខែប៉ុណ្ណោះ ត្រូវបានឪពុក ម្តាយ ទុកចោលនៅក្នុងបន្ទប់សណ្ឋាគារចំនួន២ថ្ងៃ មួយយប់ ដោយមិនបានបើកម៉ាសុីនត្រជាក់ ឬភ្លើងបំភ្លឺនៅក្នុងបន្ទប់នោះឡើយ ខណៈដែលពួកគេបាននាំគ្នាឆ្លងដែនតាមច្រកអន្តរជាតិប៉ោយប៉ែត ចូលមកក្នុងទឹកដីកម្ពុជា ដើម្បីលេងល្បែងនៅក្នុងកាសុីណូ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយសារតែគេបានទទួលព័ត៌មានថាមានករណីទុកទារកចោលនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ដែលស្ថិតនៅភូមិខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយគ្មានឪពុក ម្តាយណាម្នាក់នៅជាមួយឡើយ ។ តាមការអះអាងពីម្ចាស់សណ្ឋាគារបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានប្តី ប្រពន្ធ ពីរនាក់ដោយមានពរកូនតូចមកជាមួយផង បានមកជួលបន្ទប់លេខ ២៦ ជាន់ទី២ នៃសណ្ឋាគាររបស់លោកដើម្បីស្នាក់នៅដោយបុរសជាប្តីបាននិយាយប្រាប់ថា ពួកគេរស់នៅក្នុងសង្កាត់ដនមឿង ក្រុងបាងកក ប្រទេសថៃ គឺធ្វើដំណើរមកដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជា ត្រង់ចំណុចប៉ោយប៉ែត លែងល្បែងក្នុងកាសុីណូ ។
ម្ចាស់សណ្ឋាគារបានបន្តថា ចាប់ពីពេលនោះមក គេសង្គេតឃើញថា បុរសជាស្វាមីបានឆ្លងចូលទៅលែងរាល់ថ្ងៃ ដោយទុកឲ្យស្ត្រីដែលជាភរិយាជាអ្នកនៅមើលកូនតូច ក្នុងបន្ទប់សណ្ឋាគារ។ លុះថ្ងៃទី២៣ ខែឆ្នាំដដែល គេមិនបានដឹងថាប្តីប្រពន្ធនេះ ចេញទៅលែងល្បែងពីពេលណានោះទេ ដោយនៅក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់។ ស្រាប់តែនៅល្ងាចថ្ងៃទី២៥ ក៏បានឮសម្លេងក្មេងយំយ៉ាងខ្លាំងចេញពីបន្ទប់លេខ ២៦ នោះ ដោយមានការសង្ស័យទើបគេយកកូនសោរបន្ទប់មកចាក់បើកទ្វារមើល ក៏បានប្រទះឃើញទារកម្នាក់ ជាក្មេងប្រុស ដេកនៅលើគ្រែតែម្នាក់ឯង ដោយក្នុងបន្ទប់នៅមិនមានការ បើកភ្លើង ឬបើកម៉ាសុីនត្រជាក់ឡើយ ដែលស្ថិតក្នុងសភាពងងឹតឈឹង ទើបគេបាន រាយការណ៍ទៅក្រុមតម្រួតដែលនៅក្បែឲ្យមកត្រួតពិនិត្យ ។
ជាក់ស្តែង នៅលើគ្រែគឺមានលិខិតបញ្ជាក់កំណើតកូនប្រុសរូបនេះដែលទើបតែមាន អាយុ៣ខែគត់ ហើយឪពុកមានអាយុ៤៤ឆ្នាំ និងម្តាយអាយុ៤០ឆ្នាំ រស់នៅទីក្រុង បាងកក ប្រទេសថៃ ព្រមទាំងមានសរសេរលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផង ទើបសមត្ថកិច្ចបានព្យាយាមតេ ដោយប្រើរយៈពេលប្រមាណជាង២ម៉ោងទើបឪពុក របស់ទារកនោះព្រមទទួលទូរស័ព្ទ ដោយតម្រួតបានបញ្ជាឲ្យគេឆ្លងដែនមក ទឹកដីថៃវិញដើម្បីធ្វើការសាកសួរថា តើគេមានចេតនាទុកកូនចោលឬយ៉ាងណា ? ព្រោះបើគេមានចេតនាមែន គឺអាចប្រឈមមុខនឹងផ្លូវច្បាប់។
ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ចថៃ បុរសជាឪពុកដែលជាជនជាតិថៃដែរនោះបានសារភាពថា ពួកគេទាំងពីរនាក់ប្តី ប្រពន្ធ គឺបាននាំគ្នាមកលែងល្បែងក្នុងកាសុីណូប៉ោយប៉ែត ប៉ុន្តែ ដោយសារតែមួយរយៈក្រោយមកមានការចាញ់ច្រើនពេកទើបពួកគេបាននាំគ្នាលែង ទាំងថ្ងៃ ទាំងយប់ ក៏មានការភ្លេចកូនតូចដែលនៅដេកក្នុងបន្ទប់សណ្ឋាគាររហូត២ថ្ងៃមួយយប់ ទីបំផុតក៏មានការភ្ញាក់ខ្លួនខណៈដែលមានតម្រួតតេចូលមក បច្ចុប្បន្នក្រោយពី ធ្វើការសាកសួររួចមកទើបសមត្ថកិច្ចលើកលែងនូវទោសកំហុសឲ្យ តែជាសំណាងល្អដោយសារតែកូនតូចនេះមិនស្លាប់៕
មតិយោបល់