ព័ត៌មានជាតិ

ក្រុមយុវជនកាកបាទក្រហមជប៉ុន និងកម្ពុជា ចែករំលែកបទពិសោធន៍កិច្ចការមនុស្សធម៌នៃប្រទេសទាំង២

កំពង់ឆ្នាំងៈ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការជួយដល់កិច្ចការមនុស្សធម៌ទូទៅ ក្រុមយុវជនកាកបាទក្រហមខេត្ត យ៉ាម៉ាកាតា របស់ប្រទេសជប៉ុន ដឹកនាំដោយលោកស្រី ខាអូយូមី អគ្គលេខាធិការកាកបាទក្រហមខេត្ត បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពមនុស្សធម៌ របស់យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ និងបានចែករំលែកនូវបទពិសោធន៍ល្អៗគ្នាទៅវិញទៅមកទាំងក្នុងការសិក្សា និងសកម្មភាពមនុស្សធម៌នៃប្រទេសទាំង២។

លោក អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានជម្រាបជូនភ្ញៀវពីការងាររបស់សាខាថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ មានសមាជិក១៥នាក់។ សព្វថ្ងៃមានអនុសាខាចំនួន៨ ដែលមានសមាជិកចំនួន៥៦នាក់ និងមានអ្នកស្ម័គ្រចិត្តនៅតាមបណ្តាមូលដ្ឋាននានាចំនួន២៤៨នាក់ តែនៅក្នុងឆ្នាំ២០១៦នេះអ្នកស្ម័គ្រចិត្តបានកើនឡើង២៤នាក់បន្ថែមទៀត។

លោកបានបន្តថា ដោយឡែកយុវជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងមានសរុបទាំងអស់៩០០នាក់ នៅតាមវិទ្យាល័យចំនួន១៤ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន១ បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាតាមគ្រប់រូបភាពទាំងអស់។

នាព្រឹកថ្ងៃដដែលនេះ ក្រុមយុវជនកាកបាទក្រហមខេត្តយ៉ាម៉ាកាតាប្រទេសជប៉ុន បានចូលទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងធ្វើបទបង្ហាញជូនគ្នាទៅវិញទៅមកជាមួយយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង។ ក្នុងពេលនោះដែរ តំណាងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានធ្វើបទបង្ហាញពីសកម្មភាពមនុស្សធម៌ជូនភ្ញៀវដឹងថា កន្លងមក យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងសង្គមដូចជា ការចូលរួមដាំកូនឈើដើម្បីបរិស្ថានមានពណ៌បៃតង, ចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួនក្នុងការជួយមិត្តរួមថ្នាក់ដែលខ្វះខាត ឬទីទាល់ក្រ និងជួបការលំបាក, ចូលរួមផ្លាស់ប្តូរបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក, ចុះដល់សហគមន៍ក្នុងការជួយទំនុកបំរុងដល់ជនចាស់ជរាគ្មានទីពឹង, ជួយបង្កបង្កើនផលជូនប្រជាពលរដ្ឋ, ជួយសំរាលទុក្ខលំបាក និងឧបត្ថម្ភដល់ពលរដ្ឋក្រីក្រពេលមានសមាជិកស្លាប់, ជួយសំរួល និងផ្សព្វផ្សាយចរាចរណ៍ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវបានយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងន័យកាត់បន្ថយអាត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់នេះ, ចុះបង្រៀនពីវិធីសង្គ្រោះបឋម ពេលជនរងគ្រោះជួបឧប្បទ្ទវហេតុដោយគ្រោះថ្នាក់ផ្សេងៗ, ចូលរួមផ្សព្វផ្សាយពីការបង្ការជម្ងឺគ្រុនឈាម និងវិធីការពារខ្លួនពីរន្ទះនៅតាមវិទ្យាល័យនានាក្នុងខេត្ត ព្រមទាំងចូលរួមក្នុងកិច្ចការមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលគ្រប់ទីកន្លែងក្នុងខេត្តទៀតផង។

ដោយឡែកតំណាងយុវជនកាកបាទក្រហមខេត្តយ៉ាម៉ាកាតាប្រទេសជប៉ុន បានឡើងបង្ហាញពីបទពិសោធន៍សកម្មភាពមនុស្សធម៌ថា ក្រៅពីការសិក្សា យុវជនកាកបាទក្រហមខេត្តយ៉ាម៉ាកាតា បានចូលរួមចំណែកជួយការងារនៅក្នុងមជ្ឈមណ្ឌលផ្តល់ឈាមក្នុងខេត្ត, ក្នុងរដូវត្រជាក់ពួកគេចុះជួយចូកព្រិលចេញពីតាមថ្នល់ជាមួយប្រជាពលរដ្ឋ, ជួយយកនំជនពិការទៅលក់ ក្រោយពីជនពិការធ្វើនំបាន, ជួយសំអាតបរិស្ថាននៅតាមផ្លូវធំៗក្នុងខេត្តដោយសហការជាមួយប្រជាជន, និងរកវិធីសាស្រ្តក្នុងការដើររៃអង្គាសប្រាក់ពីសប្បុរសជននានា យកទៅជួយជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធម្មជាតិ។

បន្ទាប់មកយុវជនកាកបាទក្រហមទាំង២ក្រុម និងសិស្សានុសិស្សបានចែករំលែកនូវវប្បធម៌ប្រពៃណីនៃប្រទេសខ្លួនឲ្យគ្នាបានយល់ទៅវិញទៅមក និងបានសហការដាំកូនឈើប្រណិតប្រភេទបេងចំនួន១៥០ដើមនៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនរលាប្អៀរត្បូង និងបានទៅសួរសុខទុក្ខចែកសម្ភារៈកំសាន្តដល់សិស្សបឋមសិក្សាឧទុម្ពរចំនួន២០០នាក់ទៀតផង។

ក្រោយពីសិក្សាស្វែងយល់ និងការដកបទពិសោធន៍ពីគ្នាទៅវិញទៅមកអស់រយៈពេលពេញមួយថ្ងៃរួចមក តំណាងយុវជនកាកបាទក្រហមទាំង២ក្រុម បានប្តេជ្ញាចិត្តយកបទពិសោធន៍ល្អៗទៅធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តរបស់ខ្លួន និងចែករំលែកដល់សមាជិកយុវជនកាកបាទក្រហមទាំងអស់ឲ្យបានយល់ ដើម្បីជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងកិច្ចការងារសង្គមផងដែរ៕

មតិយោបល់