សិង្ហបុរីៈ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពជាបន្តបន្ទាប់ នៅមន្ទីរពេទ្យ Singapore General Hospital កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីលោកចាប់ផ្តើមឈឺនៅអំឡុងពេលធ្វើសន្ទរកថាក្នុងពិធីជួបជុំប្រារព្ធបុណ្យជាតិ នាថ្ងៃអាទិត្យ ហើយវេជ្ជបណ្ឌិតបានណែនាំ លោក Lee ឲ្យនៅសម្រាកព្យាបាលរហូតដល់ថ្ងៃទី២៩ ទើបឲ្យត្រឡប់ទៅបំពេញការងារវិញ។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី (PMO) ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ។
យោងតាមការិយាល័យនាយករដ្ឋមន្ត្រី (PMO) បានឲ្យដឹងតាមរយៈរបាយការណ៍ នារសៀលថ្ងៃចន្ទនេះថា «លោកនាយករដ្ឋមន្ត្រី បានផ្តើមមានជំងឺនៅអំឡុងពេលថ្ងៃប្រារពពិធីជួបជុំបុណ្យជាតិ ដោយសារសម្ពាធឈាមធ្លាក់ចុះ ឈររយៈពេលយូរពេក អស់កម្លាំង និងខ្វះជាតិទឹក។ ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា សុខភាពលោកគ្មានអ្វីមិនប្រក្រតីទេ ឬក៏មិនមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែរ»។ ។
ការិយាល័យនាយករដ្ឋមន្ត្រី (PMO) បានបន្ថែមថា តាមការណែនាំរបស់វេជ្ជបណ្ឌិត លោក Lee នឹងត្រូវសម្រាកព្យាបាល ហើយនឹងចូលបំពេញការងារវិញ នៅថ្ងៃទី២៩ ខែសីហា។ លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាខេត្ត Central Java របស់ឥណ្ឌូនេស៊ី នាសប្តាហ៍នេះ។ ឧបនាយករដ្ឋមន្ត្រី Teo Chee Hean នឹងទទួលបន្ទុកការងារនេះ ជំនួសការអវត្តមានរបស់លោក Lee៕
មតិយោបល់