ព័ត៌មានអន្តរជាតិ

កាន់តែទ្បើងកម្ដៅ! លោក ត្រាំ ថ្កោលទោសកូរ៉េខាងជើង ដោយហៅថា «របបឃោរឃៅ» បន្ទាប់ពីការស្លាប់និស្សិតអាមេរិក

អាមេរិក: ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានហៅប្រទេសកូរ៉េខាងជើងថាជា «របបឃោរឃៅ» បន្ទាប់ពីការស្លាប់និស្សិតអាមេរិកម្នាក់ ដែលត្រូវបានឃុំឃាំងក្នុងគុកអស់រយ:ពេលជាង ១៥ ខែកន្លងមក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

Otto Warmbier អាយុ២២ឆ្នាំ ត្រូវបានដោះលែងដោយរដ្ឋាភិបាលកូរ៉េខាងជើង បានទទួលមរណ:ភាព ក្រោយពេលធ្វើដំណើរមកដល់ប្រទេសកំណើតខ្លួនវិញ ។

ឪពុកម្តាយរបស់គាត់ បាននិយាយថា​ « Warmbier ត្រូវបានទទួលរងនូវការធ្វើបាប និងទារុណកម្មដ៏អាក្រក់បំផុត អំទ្បុងពេលដែលគាត់ជាប់នៅក្នុងគុក»។

លោក ត្រាំ បាននិយាយថា «មានរឿងអាក្រក់ជាច្រើន ដែលបានកើតឡើងចំពោះលោក Warmbier តែយ៉ាងហោចណាស់យើង ក៏បាននាំគាត់ឲ្យមកដល់ផ្ទះជាមួយឪពុកម្តាយរបស់គាត់វិញហើយ ដែលពួកគេសប្បាយរីករាយបំផុត បើទោះបីជាឃើញថា គាត់មានស្ថានភាពលំបាកខ្លាំងក៏ដោយ»។

ក្នុងនោះដែរ លោក ត្រាំ បានបន្ថែមថា ការស្លាប់របស់លោក Warmbier បានជំរុញនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាល របស់លោក ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះ មិនឲ្យកើតមានលើជនស្លូតត្រង់ នៅក្នុងការប្រឆាំងនឹងរបប ដែលមិនគោរពតាមនីតិរដ្ឋ ឬសមភាពមនុស្សជាមូលដ្ឋានទ្បើយ ដោយលោក ត្រាំ បានបញ្ជាក់ថា អាមេរិកថ្កោលទោសម្ដងហើយម្ដងទៀត ចំពោះអំពើឃោរឃៅនៃរបបកូរ៉េខាងជើង មកលើជនរងគ្រោះរបស់យើងថ្មីៗនេះ៕

មតិយោបល់