ព័ត៌មានសិល្បៈ និងកម្សាន្ត

រំដួលលិចទឹក តុបតែងខ្លួនចម្លែក ​ចូលរួមសម្ពោធរឿង «វិកលចរិត»

នរណាមិនស្គាល់រំដួលលិចទឹក? ភាពលេចធ្លោរបស់រំដួលលិចទឹក គឺគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់ ប្លែកខុសគេ លើការតុបតែងសម្លៀកបំពាក់ ការច្នៃម៉ូដ និងការតុបតែងខ្លួន។

ជាក់ស្តែង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រឹត្តិការណ៍សម្ពោធរឿង «វិកលចរិត» របស់ផលិតកម្មមាតុចក្រហ្វីលម៍ រំដួលលិចទឹកបានសាងភាពភ្ញាក់ផ្អើលដល់តារារួមអាជីព និងអ្នកចូលរួមទាំងអស់ឲ្យដកកច្រហមាត់ និងរេខ្សែភ្នែកតាមសម្លឹងឥតឈប់ចំពោះទេពកោសល្យតុបតែងខ្លួនឲ្យស័ក្តិសមទៅនឹងពិធី រួមទាំងពណ៌សម្បុររបស់កម្មវិធីទាំងមូល។

ជាមួយអាវស្បៃពណ៌ខ្មៅ សំពត់ពណ៌កាប់ស្តាំង ខ្សែករំយោលខ្មៅ បបូរមាត់លាបក្រេមពណ៌ស្វាយចាស់ ចិញ្ចើមក្រាសបែបតួកាច ត្របកភ្នែកគូសដោយគូល័រដិតៗ លាយពណ៌សផ្លេកៗបែបហ្វែនតាស៊ី រំដួលលិចទឹកស័ក្តិសមឥតខ្ចោះ ទៅនឹងសក់ពណ៌មាសទម្លាក់ចុះ និងមានបន្តុបពីលើក្បាលដោយកូនតុក្កតាខ្មោចកាន់ពូថៅ ឃើញហើយចង់បះសក់ និងមិននឹកស្ងើចសរសើរមិនបានថា មកសម្ពោធរឿងឃាតករ «វិកលចរិត» រំដួលលិចទឹក ក៏យកកូនង៉ែតវិកលចរិត ដែលចេះកាន់ពូថៅទុកសម្លាប់មនុស្ស តាំងពីខ្លួននៅជាកូនង៉ានៅឡើយ។

ឆ្លើយតបមកកាន់អ្នកសារព័ត៌មាន ដែលចោមរោមសាកសួរនាង អំពីមូលហេតុដែលនាងយកកូនង៉ែតកាន់ពូថៅដ៏គួរឲ្យខ្លាចនេះមកធ្វើជាគ្រឿងតែងលម្អខ្លួន? តារាម៉ូដែលពោរពេញដោយគំនិតច្នៃប្រឌិតរូបនេះ បានឆ្លើយតបយ៉ាងរួសរាយថា៖ «ច៎ាស តាមពិតទៅនាងខ្ញុំបានតាមដានព័ត៌មាន អំពីរឿងវិកលចរិតនេះយូរមកដែរហើយ ព្រោះស្រឡាញ់រឿងរបស់គាត់។ លុះទទួលបានសំបុត្រអញ្ជើញមកចូលរួមនៅក្នុងពិធីសម្ពោធរឿងនេះ នាងខ្ញុំត្រេកអរយ៉ាងខ្លាំង ហើយគិតថា ត្រូវតែតុបតែងខ្លួនយ៉ាងណា ឲ្យស័ក្តិសមនឹងសាច់រឿងដែលខ្លួនកំពុងលង់ចិត្តស្រឡាញ់។ ទីបំផុត នាងខ្ញុំក៏ជ្រើសរើសយកតុក្កតាខ្មោចកាន់ពូថៅ ដែលជាអាវុធ និងតួអង្គដ៏សំខាន់នៅក្នុងរឿងនេះ»។

សូមបញ្ជាក់ថា ក្រៅពីរំដួលលិចទឹក នៅក្នុងពិធីសម្ពោធរឿងវិកលចរិតដ៏អស្ចារ្យនេះ គេសង្កេតឃើញមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ផលិករភាពយន្ត ម្ចាស់ផលិតកម្ម អ្នកដឹកនាំរឿង តារាចម្រៀង តារាសម្តែង និងតំណាងអ្នកសារព័ត៌មានស្ទើរតែគ្រប់ស្ថាប័នទាំងអស់។ គួររម្លឹកថា រឿង «វិកលចរិត» នឹងចាក់បញ្ចាំងផ្លូវការ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នេះហើយនៅគ្រប់រោងភាពយន្តទាំងអស់៕
ទស្សនា​វីដេអូ Trailer ដូចខាងក្រោមនេះ៖

ស្តាប់បទ វិកលចរកដូចខាងក្រោមនេះ៖

vikol-charek-1vikol-charek-2vikol-chrek

មតិយោបល់