ខណៈអ្នកនាងពេជ្រ ច័ន្ទបរមី ត្រូវគេឃើញឡើងបង្ហាញខ្លួនក្នុងនាមជាមេបាកូនកំលោះ ជំនួសមុខឲ្យអ្នកនាងចាន់ តារាទី ដែលបាក់មែកនោះ មានការលើកឡើងជាច្រើនថាអ្នកនាងចាន់ តារាទី បានផ្ដល់ឱកាសឲ្យ ពេជ្រ ច័ន្ទបរមី របស់ស្វាមីធ្វើជាមេបាកូនប្រុស។
យ៉ាងណាមិញ អ្នកនាងបានអះអាងថាអ្នកនាងពេជ្រ ច័ន្ទបរមី បើទោះជាមានងារជាជំទាវតែអ្នកនាងមិនបានឲ្យធ្វើជាមេបាថ្ងៃការកូននោះទេ។
អ្នកនាងចាន់ តារាទីនិយាយថា ក្នុងពិធីមង្គលការកូនប្រុសច្បងរបស់អ្នកនាងឈ្មោះ ថន បញ្ញារិទ្ធិ កាលពីថ្ងៃទី៣ ធ្នូ នៅកោះពេជ្រ គឺអាចនិយាយបានថាមិនមានភ្ញៀវដែលអ្នកនាង និងអតីតស្វាមីបានអញ្ជើញណាម្នាក់បាត់មុខនោះទេ។ អ្នកនាងថាបណ្ដាភ្ញៀវភាគច្រើនគឺមកជាគូៗនោះផង ទើបបណ្ដាលឲ្យចំនួនតុកើនឡើងពី៩០តុដែលបានគ្រោងទុក ទៅជិត១០០តុ ហើយមានភាពអធឹកអធម។
ពិធីនោះអ្នកនាងមានតារាសិល្បៈជាច្រើនអញ្ជើញចូលរួម ដោយសូម្បីតែលោកសម តារា លោកទេព រិន្ទដារ៉ូ លោកជា ណូបូ អ្នកនាងម៉េង វិមានរតនា ដែលជាតារារួមជំនាន់ និងតារាក្មេងស្រករក្រោយរួមមាន កញ្ញានី មុន្នី អ្នកនាងឈួន សុវណ្ណឆៃ លោកភឹម តារាវិបុល លោកសាយ សៀរ៉ា លោកថៃ ប៊ុននាង អ្នកនាងភិន សុដាលីស និងលោកម៉ាដូណាជាដើម ក៏សុទ្ធតែមិនបាន បាត់មុខ។
អ្នកនាងចាន់ តារាទី បន្តថាបណ្ដាភ្ញៀវជាអ្នកមុខអ្នកការ ដែលអតីតស្វាមីរបស់អ្នកនាងបានអញ្ជើញក៏មិនមានបាត់មុខនោះដែរ អ៊ីចឹងហើយទើបក្នុងពិធីមង្គលការនោះ មានវត្តមានទាំងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ជាពិសេសមន្ត្រីក្នុងក្រសួងមហាផ្ទៃ ដែលអតីតស្វាមីរបស់នាងបម្រើការ។
អ្នកនាងថាក្នុងពិធីកាត់នំ អ្នកនាងបានសម្រេចចិត្តឲ្យអតីតស្វាមី និងអ្នកនាងពេជ្រ ច័ន្ទបរមី ធ្វើជាតំណាងមេបាកូនប្រុសរបស់ខ្លួន ប៉ុន្តែមិនមានន័យថាក្នុងពិធីមង្គលការនាពេលព្រឹក អ្នកនាងបានឲ្យអ្នកនាងពេជ្រ ច័ន្ទបរមី មកអង្គុយធ្វើមេបាជាមួយស្វាមីរបស់នាងនោះទេ។ អ្នកនាងនិយាយថា«អត់ទេមង្គលការកូនខ្ញុំនឹង អត់មាន(បូរមី) មកឲ្យធ្វើជាមេបាអីទេ ខ្ញុំឲ្យតែពេលឡើងឆាកហ្នឹងទេដើម្បីអរគុណភ្ញៀវពេលល្ងាច បំពេញមុខឪពុកកូនខ្ញុំ!»។ អ្នកនាងថានេះជាលើកទី១ដែលអ្នកនាង និងអ្នកនាងពេជ្រ ច័ន្ទបូរមី ប្រឈមមុខដាក់គ្នា និងបានញញឹមញញែមដាក់គ្នាក្នុងនាមជាមេបាមង្គលការកូន។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីមង្គលការកូនប្រុសរបស់អ្នកនាងចាន់ តារាទី ដែលមានអ្នកនាងពេជ្រ ច័ន្ទបូរមី បង្ហាញខ្លួនប៉ះគ្នាជាមួយអ្នកនាងដែលជាភរិយាដើម ជាលើកដំបូង៖
មតិយោបល់