ភ្នំពេញៈ បន្ទាប់ពីត្រូវបាត់បង់បេក្ខជនទី៦ពីកម្មវិធី«មុខរបរខ្ញុំ»រដូវកាលទីពីរ ឬ My Place មហាជនបានកត់សម្គាល់ថា កម្មវិធីប្រកួតលើអាជីវកម្មដ៏ពេញនិយមមួយនេះ កាន់តែស្ថិតក្នុងសភាពតានតឹង។ ក្នុងនោះលោកទេព រិន្ទដារ៉ូ ក្រៅពីបានបង្ហាញពីការសោកស្ដាយចំពោះបេក្ខភាពទី៦ គឺលោក លី រនី ដែលត្រូវចាកចេញពីកម្មពិធី លោកក៏បានបញ្ជាក់ថាកម្មវិធី«មុខរបរខ្ញុំ!» ដែលកំពុងចាក់ផ្សាយនៅ PNN កាន់តែឈានដល់ដំណាក់កាលអ្នកខ្លាំងប៉ះអ្នកខ្លាំង ដែលមានស្ថានភាពប្រកួតប្រជែងកាន់ចង្អៀតទៅៗនោះផងដែរ។
មកទល់ពេលនេះនៅតែមានការលើកឡើងពីការបាត់បង់បេក្ខភាពទី៦ គឺបេក្ខជនលី រនី កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែសីហា។ បេក្ខជនរូបនេះ ត្រូវបានចាកចេញពីកម្មវិធីបន្ទាប់ពីការរកចំណូលរបស់គេបានតិចជាងបេក្ខជនបេក្ខនារីផ្សេង ក្នុងពេលប្រគល់ម្នាក់២០ម៉ឺនរៀលដើម្បីទិញទំនិញ ឬធ្វើអ្វីតាមចំណូលចិត្តលក់នៅលើខ្សែរថភ្លើងពីភ្នំពេញទៅខេត្តកំពត។ លី រនី គឺជាបេក្ខជនវ័យ៣៣ឆ្នាំ ដែលការប្រកួតរបស់គេមានភាពវ័យឆ្លាតយ៉ាងខ្លាំង ប៉ុន្តែដោយសារតែការលក់ដូរនៅលើរថយន្តមិនទទួលបានទឹកប្រាក់នាំមុខទើបធ្វើឲ្យគេចាកចេញពីកម្មវិធី ទាំងលោកទេព រិន្ទដារ៉ូ និងមហាជនទាំងមូលសម្ដែងការសោកស្ដាយ។ ក្រោយពេលដឹងថាបានពិន្ទុឬទឹកប្រាក់ទាបជាងគេ។ បេក្ខជន លី រនី និយាយថា៖ «លទ្ធផលដែលខ្ញុំទទួលបាននៅពេលនេះគឺមានអារម្មណ៍ថាសោកស្តាយដែរ តែវាជាការពិតមួយដែលយើងត្រូវទទួលយកព្រោះវាជាក់ស្តែងឲ្យយើងឃើញពីខ្លួនឯង។ លទ្ធផលនេះគឺយើងអត់មានគិតថាខាងណាខ្សែលើខាងណាទេ ការធ្លាក់នេះមិនមែនជាការជម្រុះចេញពីនរណាម្នាក់ គឺបុគ្គលខ្លួនឯងជាអ្នកកំណត់ខ្លួនឯង»។
លោកទេព រិន្ទដារ៉ូ និយាយថាក្រោយពីការបាត់បង់បេក្ខភាពអស់៦នាក់ គឺបានបង្ហាញកាន់តែខ្លាំងថាកម្មវិធី«មុខរបរខ្ញុំ»រដូវកាលទី២ ឈាននឹងរកឃើញម្ចាស់ជ័យលាភីចុងក្រោយ។ ប៉ុន្តែក៏មានន័យថាបេក្ខជនបេក្ខនារីដែលសល់ចុងក្រោយចំនួន៤រូប ក៏ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងផងដែរ។ លោកថាកម្មវិធីនេះ មិនត្រឹមតែទទួលបានចំណេះដឹងលើការបង្កើតមុខរបរពីតូចទៅធំសម្រាប់បេក្ខជនៗប៉ុណ្ណោះទេ គឺសូម្បីតែទស្សនិកជន និងរូបលោកផ្ទាល់ដែលជាពិធីករក៏ទទួលបានបទពិសោធន៍ច្រើនពីកម្មវិធីនេះដែរ។ លោកថាមិនចង់បាត់បង់បេក្ខជនបេក្ខនារីណាម្នាក់ទៀតទេ ដោយសារតែអ្នកនៅសល់៤រូបចុងក្រោយ សុទ្ធតែវ័យឆ្លាត។ ប៉ុន្តែមកពីកម្មវិធីតម្រូវ ទើបការប្រកួតប្រជែងនឹងកាន់តែចង្អៀតទៅៗសម្រាប់អ្នកបោះជំហានឈានឡើង។ លោកថាបេក្ខជន៤រូបនៅសប្ដាហ៍នេះ ត្រូវប្រើសមត្ថភាព និងភាពវ័យឆ្លាតយ៉ាងខ្លាំងក្នុងការប្រើទុន១លានរៀលបង្កើតមុខរបរដែលខ្លួនចូលចិត្ត ដើម្បីស្វែងរកប្រាក់ចំណេញឲ្យបានខ្ពស់ជាងគេ។ សមាសភាពនៅសល់ទាំងបួនរូបនោះមាន បេក្ខជន ជ័យ មានលាភ, បេក្ខជន សែស សុភ័ក្រ្ត, បេក្ខនារី កែវ សិរីរត្នន៍ និងបេក្ខជន សា សុវណ្ណឌី។ កម្មវិធីនេះក៏ត្រូវគេកត់សម្គាល់ទទួលបានការពេញនិយមផងដែរ ចាប់តាំងពីបានដំណើរការរៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ម៉ោង៨យប់នោះ៕








មតិយោបល់