ព័ត៌មានសិល្បៈ និងកម្សាន្ត

យូអ៊ីន ជាប់ឈ្មោះជាខ្ទើយសាច់ដុំ

ខណៈដែលតារាសម្ដែងរូបសង្ហារលោកខន រ៉ាមន ហៅ យូអ៊ីន ត្រូវគេឃើញបង្ហោះរូបថតដោះអាវបញ្ចេញសាច់ដុំធំៗ នៅលើហ្វេសប៊ុកនោះ លោកក៏ត្រូវសង្ស័យថាជាខ្ទើយសាច់ដុំ ដែលស្ថិតក្នុងជំពូកជាប្រុសស្រឡាញ់ប្រុសផងដែរ។ ការប៉ាន់ស្មាននេះមានការបញ្ជាក់ថា បុរសៗជាប្រភេទ ស្រឡាញ់បុរស និងមនុស្សភេទទី៣ច្រើននាក់ បានឆាតមកញ៉ែលោក ដោយអ្នកខ្លះនៅពេលបានជួបលោកខាងក្រៅ ក៏សំឡក់សំឡឹងហើយមានអ្នកនិយាយត្រង់ៗ រឿងតថ្លៃក៏មាន។

តួឯកក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣»រូបនេះ បានអះអាងថា លោកមិនមែនជាជំពូកបុរសស្រលាញ់ប្រុសនោះទេ តែលោកបានសារភាពថាខ្លួន ចូលចិត្តហាត់ប្រាណ និងបញ្ចេញសាច់ដុំដោយសារតែចង់សម្ញែងរូបរាងស៊ិចស៊ី និងសាច់ដុំដែលខ្លួន ប្រឹងប្រែងហាត់ប្រាណ។ លោកថាខ្លួនមានសង្សារជាស្រី ហើយលោកក៏ជាបុរសសំបូរស្នេហ៍ណាស់ដែរ ដែលមាននារីៗរញ៉េរញ៉ៃ ដោយលោកប្រកាសថា នារីកាត់តែស្អាត និង មានដងខ្លួនស៊ិចស៊ី គឺជាចំណូលចិត្តរបស់ខ្លួន។ លោកថាជារឿងហួសចិត្ត ដែលមានប្រុសៗខ្លះជាមនុស្សរឹងមាំ និងខ្លះទន់ជ្រាយ ទាក់ទងមកលោកក្នុងន័យស្នេហា ដែលទំនងថាមកពីប៉ាន់ស្មានថា លោកគឺជាខ្ទើយសាច់ដុំ។ សូម្បីតារាប្រុសៗមួយចំនួន ក៏ត្រូវតារារូបនេះខ្សឹបថាឆាតមកសួរនាំ លោកពីរឿងដែលលោកមិនចូលចិត្តនេះដែរ។ លោកថាមិនរើសអើងចំពោះក្រុមបុរសស្រឡាញ់បុរសនោះទេ ប៉ុន្តែនៅពេលបុរសទាំងនោះនិយាយ ឬធ្វើសកម្មភាពប្លែកៗដូចលោកជាខ្ទើយសាច់ដុំ គឺលោកចង់តែទប់មិនបាន។ លោកនិយាយថា«ខ្ញុំនិយាយថាត្រង់រឿងពួកគាត់ (បុរសស្រឡាញ់បុរស)ខ្ញុំអត់ស្អប់ទេ តែបើមករញ៉ៃរញ៉ៃជាមួយខ្ញុំមានតែកែង និងកណ្ដាប់ដៃទេ ដោយសារតែខ្ញុំចេះ(វ៉ៃ)ខ្លះដែរ ហើយខ្ញុំឯណាទៅចឹងៗ»។ លោកធានាថាជាប្រុសពេញលក្ខណៈ ដោយចំណូលចិត្តជាទូទៅរបស់បុរសដូចជាផឹក ស៊ី ដើរហើរ និងលេងកីឡាជាដើម គឺលោកចូលចិត្តទាំងអស់។ លោកថាខ្លួនជាមនុស្សស្រឡាញ់រាង ហើយក៏ចាត់ទុកថាការនិយាយលែបខាយ ដូចលោកជាខ្ទើយសាច់ដុំ គឺជាការមើលងាយដែលលោកចង់តែទប់មិនបាននោះដែរ។

ម្ចាស់ផលិតកម្មចម្រៀងJH និងជាអ្នកចាត់ចែងទូទៅក្នុងផលិតកម្មបដិហារ្យភាពយន្តរូបនេះ បានអះអាងថាសម្អាងលើរូបរាងរបស់លោក មិនទាន់ដល់ថ្នាក់យកស្រឡាញ់ប្រុសនោះទេ។ លោកនិយាយថា«ខ្ញុំរាល់ថ្ងៃរកតែពេលជួបស្រីមិនបានផង ទៅស្រឡាញ់ប្រុសមិចកើត ទៅអត់រួចទេ កុំថាឡើងដល់ធ្វើចឹង គ្រាន់តែស្រម៉ៃក៏ទៅអត់រួចដែរ!»។ លោកថាខ្លួនមិនមែនជាខ្ទើយសាច់ដុំនោះទេ ហើយលោកក៏សូមប្រកាសថា លោកមិនស្ថិតក្នុងជំពូកជាផលិតករ ឬជាតារាស្រឡាញ់ប្រុសផង ស្រីផង ដូចអ្វីដែលគេប៉ាន់ស្មានខុសនោះដែរ។ យ៉ាងណាក៏ដោយ លោកមិនអាចកែប្រែទស្សនៈ អ្នកយល់ថាលោកគឺជាខ្ទើយសាច់ដុំនោះទេ ក្នុងពេលដែលលោកក៏បន្តប្រើរូបដោះអាវ បញ្ចេញដងខ្លួនធ្វើជាCover នៅលើហ្វេសប៊ុក៕

មតិយោបល់