ព័ត៌មានជាតិ

នគរបាលស្រុកតំបែរ ចុះបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែង

ត្បូងឃ្មុំៈ សមត្ថកិច្ចនគរបាលស្រុកតំបែរជាច្រើននាក់ ឆ្មក់បង្ក្រាបទីតាំងជល់មាន់និងអាប៉ោងខុសច្បាប់ ឃាត់ខ្លួនបានមនុស្ស៤នាក់ ដកហូតបានម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចចម្ការស្វាយចន្ទីរ និងចម្ការកៅស៊ូ ស្ថិតក្នុងភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ការបង្ក្រាបនេះដែរ ធ្វើឡើងមានការដឹកនាំដោយ លោកវរៈសេនីយ៍ទោ ប៉េង អេងហាក់ អធិការ និងលោកអនុសេនីយ៍ឯក ស៊ាន ម៉េងស៊ា អធិការរងទទួលផែន ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជាច្រើននាក់ចុះបង្រ្កាបទីតាំងប្រជល់មាន់ និងអាប៉ោង នៅចំនុចចម្ការស្វាយចន្ទីរ និងចម្ការកៅស៊ូខាងលើ ។ ជាក់ស្តែងសមត្ថកិច្ចចាប់ខ្លួនបានមនុស្ស៤នាក់ ទី១ឈ្មោះ ហម ភារៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ជាអ្នកបើកសង្វៀន។ ទី២ឈ្មោះ អយ អៃ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ជាមុខសញ្ញាលេង។ ទី៣ឈ្មោះ ហេង ណារ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិកំប្រើស ឃុំត្រពាំងព្រីងស្រុកតំបែរ ជាមុខសញ្ញាលេង និងលក់ដូរនិងទី៤ឈ្មោះ នាង ជុំ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិទួលអង្រ្កង ឃុំក្រែក ស្រុកពញាក្រែក ជាមុខសញ្ញាលេង និងជាកម្មករជៀរជ័រកៅស៊ូ ស្ថិតក្និងភូមិ កំប្រើស ឃុំត្រពាំងព្រីងស្រុកតំបែរ ដែលជាទីតាំងធ្លាប់លេងជាច្រើនដងមកហើយ ប៉ុន្តែមុនពេលសមត្ថកិច្ចបានចូលទៅដល់ទីតាំងក្រុមមុខសញ្ញាលេងល្បែងបានរត់ខ្ចាត់ខ្ចាយ ដោយមានភ្នាក់ងារអ្នកលេងល្បែងផ្តល់ព័ត៌មានឲ្យមុន។ ដកហូតបានម៉ូតូចំនួន៣គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

មតិយោបល់