ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកម៉ូតូស៊ុយសាគីលែត យុវជនម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់!.

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង រថយន្តកុងតឺន័រមួយគ្រឿង បុកជាមួយនិងម៉ូតូម៉ាកស៊ុយសាគីលែត បណ្តាលឲ្យយុវជនម្នាក់ត្រូវរថយន្តកិនបែក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចស្តុបផ្សារថ្នល់បត់ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា យុវជនដែលត្រូវរថយន្តកិនស្លាប់ខាងលើនេះមានឈ្មោះ ឡេង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0323 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចតាមបណ្តោយផ្លូវខាងលើ ចំណែកម៉ូតូម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6119 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តបង្ក លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនិងរថយន្តបានបុកគ្នា បណ្តាលឲ្យខ្ទាតយុវជនអ្នកបើកម៉ូតូចូលកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងឆ្វេង កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនិងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកទាំងម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់