នៅរសៀលថ្ងៃទី១០ ធ្នូ នេះ តារាសម្ដែងលោកហេង នរកក្កដា នឹងចាកចេញទៅច្រៀងរាំនៅក្នុងប្រទេសញូហ្សេឡិនភ្លាមៗ បន្ទាប់ពីលោកទទួលបានពានជាតារាសម្ដែង ផ្នែកមនោសញ្ចេតនា កម្សត់ កំប្លែង និងឈ្លើយបានល្អជាងគេពីព្រឹត្តិការណ៍ Apsara Award កាលពីយប់មិញ។ លោកថាខ្លួនត្រូវចាកចេញទៅតំាំងពីថ្ងៃទី៥ធ្នូម្ល៉េះ ប៉ុន្តែដោយសារតែចង់ទទួលពាន ទើបសុំពន្យារពេលហោះហើរ។
លោកហេង នរកក្កដា បានថ្លែងប្រាប់ថា ការធ្វើដំណើរទៅកាន់ប្រទេសញូហ្សេឡិន របស់លោក គឺជាលើកទី២ ដោយការហោះហើរ គឺវេលាម៉ោង២រសៀលថ្ងៃទី១០ ធ្នូនេះ។ លោកទៅច្រៀងរាំរយៈពេលពេញមួយខែ នៅក្នុងគម្រោងនោះ ដោយការសម្ដែងនឹងចាប់ផ្ដើមភ្លាមៗ ក្រោយពេល លោកទៅដល់ដោយសារតែមានតារាៗ ទៅដល់មុនរង់ចាំនៅទីនោះស្រាប់ហើយ។ លោកអះអាងថាដំណើរចេញសម្ដែងរបស់ខ្លួន នឹងទទួលជោគជ័យ ខណៈដែលលើកមុនលោកមិនទាន់ទទួល បានពានកិត្តិយសនេះផង និងមិនសូវលេចធ្លោក្នុងវិស័យសម្ដែងផង ក៏មានបងប្អូនខ្មែរ នៅទីនោះគាំទ្រខ្លាំងក្លាទៅហើយ។ នោះជាកម្មវិធីចេញច្រៀង ដើម្បីរ៉ៃអង្គាសថវិកា ជួយដល់បងប្អូនខ្មែរ នៅក្នុងប្រទេសកម្ពុជា ទើបលោកយល់ថាខ្លួន ជាតារាដែលមានសំណាង ដោយសារត្រូវបានជ្រើសជាលើកទី២ ឲ្យទៅបំពេញកិច្ចការសប្បុរសធម៌ជាថ្មី នៅក្នុងប្រទេសញូហ្សេឡិន។ លោកថាក្រោយការទទួលពាន លោកអត់បានសម្រាកទេ ដោយសារត្រូវរៀបចំខ្លួន ដើម្បីហោះភ្លាមៗទៅកាន់ប្រទេសញូហ្សេឡិនកុំឲ្យខកដំណើរ ៕
មតិយោបល់