ក្រុមហ៊ុន Starbucks ដែលមានដើមកំណើតនៅក្នុងសហរដ្ឋអាមេរិក គ្រោងនឹងពង្រីកទីផ្សារបន្ថែមនៅក្នុងប្រទេសចិន ហើយបានព្យាករថា ទីផ្សារដ៏កំពុងតែលូតលាស់របស់ប្រទេសចិន អាចនឹងវ៉ាដាច់ទីផ្សារអាមេរិកនៅថ្ងៃណាមួយ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនបានបង្ហាញយ៉ាងច្បាស់ពី ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ រកចំណូលឲ្យបាន ១០ភាគរយ និងពង្រីកទីផ្សារដោយបង្កើត ១២០០០សាខាថ្មី នៅជុំវិញពិភពលោក ត្រឹមឆ្នាំ ២០២១។
គ្រាន់តែប្រទេសចិនមួយ Starbucks នឹងបើកសាខាថ្មីប្រមាណ ៥០០០សាខា ដែលមានចំនួនច្រើនទ្វេដង នៃសាខាដែលកំពុងដំណើរការ។
បច្ចុប្បន្ន ប្រទេសចិន ជាទីផ្សារអន្តរជាតិដ៏រីកលូតលាស់លឿនបំផុតរបស់ Starbucks ដែលមាន ២៥០០សាខា កំពុងដំណើរការក្នុងទីក្រុងចំនួន ១១៨ ហើយមានបុគ្គលជាង ៣ម៉ឺននាក់ ដែលបម្រើដល់អតិថិជនជាង ៥លាននាក់រៀងរាល់សប្តាហ៍។
គួររម្លឹកផងដែរថា Starbucks ចាប់កំណើតនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៧១ ដោយមានស្ថាបនិក ៣នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នហាងកាហ្វេនេះ មានប្រមាណ ២ម៉ឺន៥ពាន់សាខា នៅក្នុងប្រទេសចំនួន ៧៥៕
មតិយោបល់