អតីតបេក្ខជន The Voice Cambodia លោក ប្រុក ចាន់ថន នឹងបង្ហាញខ្លួនសារជាថ្មីតាមរយៈការថតរឿងឲ្យផលិតកម្ម BKS ក្រោយបាត់មុខមួយរយៈពីពិភពសិល្បៈ ។
ក្រោយធ្លាក់ពីកម្មវិធី The Voice Cambodia ប្រុក ចាន់ថន ត្រូវបានផលិតកម្ម BKS ហៅឲ្យចូលទៅច្រៀង នឹងចេញបទច្រៀង ដ៏ល្បីល្បាញ ក្រោមចំណងជើងថា «ពិការកាយ ឥតពិការចិត្ត» ជាប និយាយពីខ្សែជីវិត តារាចម្រៀងរូបនេះ ដែលជាបទមួយធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាថ្មីម្តងទៀត ប្រុក ចាន់ថន នឹងបង្ហាញខ្លួនថតឲ្យផលិតកម្ម BKS តាមរយៈភាពយន្ត «អាស្ទើរទឹក ប៉ះខ្មោចបែកស្លុយ» ដែលនឹងត្រៀមជើងព្រួលថតនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។
លោកប្រុក ចាន់ថន បានប្រាប់ដល់ Post News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ឲ្យដឹងថា លោកបានកុងត្រាថតរឿងក្រោមចំណងជើងថា «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» ជាមួយនឹងផលិតកម្ម BKS ដោយការផ្តល់ឱកាសពីលោក ឈុន សុវណ្ណភក្តី ចាងហ្វាងវ័យក្មេងផលិតកម្មខាងលើ។
លោកថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាស ក្នុងការបញ្ចេញសមត្ថភាព លើកដំបូងក្នុងខ្សែភាពយន្តយ៉ាងដូច្នោះ ។
ចាងហ្វាងវ័យក្មេងផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី ក៏បានឲ្យដឹងផងដែរថា សម្រាប់ភាពយន្ត «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» នឹងត្រូវថត នៅខែមករា ឆ្នាំ២០១៧ ហើយតួលោក ប្រុក ចាន់ថន សម្តែងជាតួពិការមែនទែន របៀបកំប្លែង ធ្វើយ៉ាងណា បង្កសំណើច ដល់ទស្សនិកជន ។ ក្រៅពីតួលោក ប្រុក ចាន់ថន នៅមានតួកំប្លែងៗ ជាច្រើនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដោយត្រូវចាយទុន មិនខុសពីរឿងមុនដោយសរុបទៅអាចចាប់ពី ៦ ម៉ឺនដុល្លារឡើង ៕
មតិយោបល់