ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វៃ សំអាង បំភ្លឺម្ចាស់ពានគោរពពេលវេលា ជាបក្សពួក

ក្រៅពីរិះគន់ថាតារាទទួលពានប្រជាប្រិយភាព និងតារាទទួលបានពានសម្ដែងបានគ្រប់ទម្រង់ ឬ Super Star ពីកម្មវិធីApsara Award កាលថ្ងៃទី៩ ធ្នូ គឺក្រុមបក្សពួករបស់អ្នករៀបចំកម្មវិធី។ លោកម៉ាដូណា ក៏បានបញ្ជាក់ថាម្ចាស់ពានគោរពពេលវេលាបានល្អ ដែលក្រុមគណកម្មការApsara Award របស់លោកហ្វៃ សំអាង សម្រេចឲ្យ ក៏ជាក្រុមតារាដែលពូកែចាក់ចេកចាក់ស្ករ និងមិនសមចំពោះការផ្ដល់ឲ្យនោះផងដែរ ទើបអ្នកទទួលខុសត្រូវកម្មវិធីនេះចេញមុខស្រាយបំភ្លឺ។

លោកហ្វៃ សំអាង និយាយថា ក្នុងចំណោមបេក្ខជនបេក្ខនារីជាតារាសិល្បៈ ដែលចូលប្រកួតប្រជែងទាំងអស់ លោកចាត់ទុកថាមានតែលោកម៉ាដូណាម្នាក់ប៉ុណ្ណោះ ដែលបានបំបាក់មុខលោក និងចោទប្រកាន់ថាលោកបក្សពួកនិយមឡើងផ្អើលស្រទាប់មហាជន ដោយលោកប្រកាសថាខ្លួនមិនបានធ្វើដូច្នោះ។ លោកថាពានរង្វាន់Super Star និងពានរង្វាន់ប្រជាប្រិយភាព ដែលលោកម៉ាដូណាប្រតិកម្ម គឺសុំមិនធ្វើការបកស្រាយទៀតទេ ដោយសារតែមហាជនគ្រប់គ្នាបានដឹងរួចមកហើយនូវអ្វីដែលលោក និងលោកសុភេន ជាជំនួយការបានពន្យល់ជាហូរហែក្រោយពីលោកម៉ាដូណាឆេះដុំ។ ប៉ុន្តែអ្វីដែលលោកចង់ជម្រះបន្ទិលឲ្យជ្រះស្រឡះមួយទៀត គឺការរិះគន់ថាលោកផ្ដល់ឲ្យតែតារាបក្សពួកនូវពានសំខាន់មួយគឺពានគោរពពេលវេលាបានល្អឥតខ្ចោះ។

លោកថាពានគោរពពេលវេលាល្អឥតខ្ចោះ គឺតារាសិល្បៈមិនធ្លាប់លើកពេលការណាត់សូម្បីតែម្ដង ហើយក្នុងចំណោមតារាដែលបានពានគោរពពានមួយនេះលោកហ៑ានចេញមុខអះអាងថាពួកគេមិនធ្លាប់យឺត មិនធ្លាប់អាក់ខាននៅក្នុងកម្មវិធីទាល់តែសោះ ទើបគណកម្មការកណ្ដាលមួយដែលជាអ្នកវាយតម្លៃសម្រេចផ្ដល់ពាននេះឲ្យ។ លោកមិនទទួលយក ដែលលោកម៉ាដូណា រិះគន់ថាអ្នកទទួលពាននេះមានអ្នកមិនគោរពពេលវេលា និងថាពួកគេជាបក្សពួក។ លោកនិយាយថា«ខ្ញុំហ៑ានធានាថា អ្នទទួលបានពានគោរពពេលវេលាល្អឥតខ្ចោះមិនដែលឲ្យកម្មវិធីឈឺក្បាលរឿងគាត់មកយឺត ឬសុំលើកពេលអីទេ កុំយកសម្ដីម៉ាដូណាមកគិត ផ្ទុយទៅវិញលោកម៉ាដូណា និងតារាដែលអត់បានពានហ្នឹងគាត់ដឹងខ្លួនគាត់ហើយ ថាគាត់គោរពពេលវេលាយ៉ាងមិច សុំច្បាប់ទៅណាខ្លះ អ្នកខ្លះត្រូវសុំទៅក្រៅក្នុងពេលប្រកួត ដល់ចឹងអត់អាចឲ្យពានហ្នឹងទៅពួកគាត់បានទេ ដើម្បីកុំឲ្យវាអត់តម្លៃ!»។

លោកថាពានគោរពពេលវេលាគឺជាពានសំខាន់ជាងគេក្នុងចំណោមពានទាំងអស់ ហើយក៏ជាពានមានតម្លៃផងដែរសម្រាប់តារាសិល្បៈគ្រប់រូប អ៊ីចឹងហើយទើបលោកសម្រេចអត់ធ្វើពានតំណាងណាមួយដូចរដូវកាលមុនៗនោះទេ ដោយលោកបានស្នើឲ្យក្រុមហ៊ុនអូមហាមានដែលជាក្រុមហ៊ុនល្បីឈ្មោះនៅក្នុង និងក្រៅប្រទេសផ្ដល់ជានាឡិកាយ័ន្តប្រាំជួរជាតំណាងពានសម្រាប់ប្រគល់ឲ្យវិញ។ លោកថានាឡិកាហ្នឹងវាមិត្រឹមតែអាចជំនួសឲ្យពានតំណាងពី ការគោរពពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃខាងជំនឿថាជានាឡិកាមានយ័ន្តស័ក្ដសិទ្ធិដើម្បីសេរីសួស្ដីផងដែរ ទើបលោកសម្រេចយកនាឡិកានោះជំនួសពាន។ លោកនិយាយថា«តាំងពីកម្មវិធីចាប់ផ្ដើមរហូតដល់ចប់ អ្នកទទួលពានគោរពពេលវេលា អត់ដែលឲ្យក្រុមការងាររបស់ខ្ញុំឈឺក្បាលទេ ណាត់ម៉ោងណាពួកគាត់មកមុនផង ចឹងហើយទើបខ្ញុំសម្រេចឲ្យក្រុមហ៊ុនអូមហាមានឲ្យនាឡិកាយន្ត៩ជួរហ្នឹងធ្វើជាពានឲ្យពួកគាត់ ពួកខ្ញុំសម្រេចចឹងដើម្បីអី គឺដើម្បីឲ្យគាត់បានពាក់ ដែលដូចដាស់សតិពួកគាត់ឲ្យនៅតែមើលឃើញពីតម្លៃនៃពេលវេលាចឹង»។

លោកថាបើកម្មវិធីសម្រេចធ្វើពានតំណាងដូចរដូវកាលមុនៗ តារាសិល្បៈដែលឈ្នះពានគោរពពេលវេលាបានល្អ នឹងនៅតែយកពាននោះទៅទុក ហើយពេលខ្លះតារាដែលបានឡើងកូដក្រោយការឲ្យតម្លៃពីការគោរពពេលវេលានឹងអាចភ្លេចខ្លួនមិនខុសពីតារាដែលមានប្រវត្តិមិនល្អមួយចំនួន។ លោកថាកម្មវិធីមិនខ្លាចផ្ដល់ពានគោរពពេលវេលាឲ្យតារាដែលបានប្រកួតប្រជែងនោះទេគឺប៉ុន្មាននាក់ក៍បានដែរ តែមកពីតារាទាំងនោះមិនមានលក្ខណ្ឌទទួលបានទើបពានគោរពពេលវេលាទទួលបានតែតារាមួយចំនួន៕

មតិយោបល់