ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃក្រឡា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់ ហើយបានស្លាប់តាមផ្លូវក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ ប៉ា ចាន់ពិសិដ្ឋ អាយុ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅបុរីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រពន្ធ និងកូន ត្រូវបានគេអះអាងថា ស្វាមីរបស់តារាសម្ដែង និងចម្រៀងអ្នកនាង ទ្បោម លក្ខិណា ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-9139 បើកដោយជនរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវបេតុង បានប៉ះជាមួយម៉ូតូ១គ្រឿង ហើយបើករត់ ត្រូវគេដេញពីក្រោយ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តដឹកទឹកកក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ AK-7485 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុងពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្តព្រូស រងរបួសធ្ងន់។
ភ្លាមៗនោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ តែជាអកុសល ដល់ពាក់កណ្ដាលផ្លូវ បានដាច់ខ្យល់ស្លាប់តែម្ដង ទើបរថយន្តដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសាច់ញាតិក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់